(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញ តារាសម្ដែងស្រីរាង តូចច្រឡឹង ភ្នែកមូលក្រឡង់ កញ្ញា សួង ស៊ីធឿន ហាក់ដូចជាមានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ មិនចាញ់តារាជួរមុខប៉ុន្មានឡើយ ខណៈដែលនាង ទើបតែរះនៅក្នុងវិថីសិល្បៈ ត្រឹមរយៈពេលខ្លីក្ដី តែនាងមានឱកាស បានសម្ដែងទាំងរឿងភាគ និងរឿងដុំជាច្រើន ទោះបីជាតារាសម្ដែងស្រីរូបនេះ បើកបង្ហាញមុខគូស្នេហ៍ ឲ្យមហាជនបានដឹងជាសាធារណៈរួចទៅហើយក្ដី។
ជាក់ស្ដែង សម្រាប់ដើមឆ្នាំ២០១៩នេះ កញ្ញា សួង ស៊ីធឿន ឆក់បានឱកាសសម្ដែង ខ្សែភាពយន្តដែលនឹងដាក់បញ្ចាំង ក្នុងរោងភាពយន្តមាន រហូតដល់ទៅ២រឿង ខណៈដែលរឿងមួយ របស់នាង នឹងត្រូវដាក់បញ្ចាំងក្នុងរោងភាពយន្ត នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ មានចំណងជើងថា «ទារុណកម្មខ្មោច» ដែលសាច់រឿងនេះ ដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង ម្ចាស់ជ័យលាភីភាពយន្តឆ្នើម ប្រចាំឆ្នាំ២០១៨ ដែលខ្សែភាពយន្តរបស់លោកនីមួយៗ គឺថាសុទ្ធតែបាន ចេញទៅប្រកួតនៅក្រៅប្រទេស ទាំងអស់។
ជាការពិត ខ្សែភាពយន្តដែលមានចំណងជើងថា «ទារុណកម្មខ្មោច» របស់ផលិតកម្ម មាតុចក្រហ្វីលម៍ កំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ ខ្លាំងព្រោះសាច់រឿង បង្កប់ដោយឈុតឆាកព្រឺព្រួច រន្ធត់ញាប់ញ័រ។ ខ្សែភាពយន្តមួយនេះ មានការចូលរួមសម្ដែងពីសំណាក់ តារាល្បីៗជាច្រើនដួង ក្នុងនោះ រួមមានកញ្ញា សួង ស៊ីធឿន ដែលជាតារាសម្ដែងស្រី មួយដួង កំពុងតែមានទីផ្សារការងារសិល្បៈខ្ពស់ គួរឲ្យកត់សម្គាល់។
ងាកមកមើលពីជីវិតឯកជន របស់តារាស្រីរូបនេះវិញ នាងតែងតែបង្ហាញភាពល្អូកល្អឺន ជាមួយនឹងគូស្នេហ៍ យ៉ាងផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលពេលកន្លងទៅ នាងធ្លាប់ត្រូវបានគូស្នេហ៍ Surprise ខួបកំណើតឲ្យនាងថែមទៀតផង៕