(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នៃលីគកំពូលកម្ពុជា បាននាំយកកីឡាករកើតនៅទឹកដីកម្ពុជាក្រោម មករួមក្រុមម្នាក់ទៀតហើយឈ្មោះថា រៀម ស៊ឹង (Ream Serng) ហើយជាកីឡាករដែលមានបទពិសោធន៍ច្រើនក្នុងការលេងបាល់ទាត់ក្នុងលីកំពូលវៀតណាម។ នេះបើតាមការចេញផ្សាយដោយក្រោន នាថ្ងៃចន្ទ ទី១៨ ខែកុម្ពៈ ឆ្នាំ២០១៩។

តាមការឲ្យដឹងរបស់ក្លឹបខាងលើ កីឡាករ រៀម ស៊ឺង បច្ចុប្បន្នមានវ័យ ២៦ឆ្នាំ ដែលបានចាប់ផ្តើមអាជីពបាល់ទាត់នៅឆ្នាំ២០១៣ ជាមួយក្រុម Vinh Long FC ក្រុម Ca Mau FC នៅឆ្នាំ២០១៥ ហើយធ្លាប់បានមកចូលរួមជាមួយក្រុមគិរីវង់សុខសែនជ័យ របស់កម្ពុជានៅឆ្នាំ២០១៥-២០១៦ និងនៅក្នុងឆ្នាំ២០១៦ ដដែលរូបគេក៏បានចូលលេងជាមួយក្រុម Dong Thap FC ហើយបានបន្តទៅលេងជាមួយក្រុម Hai Phong FC នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ លេងនៅក្រុម Ho Chi Minh City FC របស់វៀតណាម។

គួរបញ្ជាក់ផងថា កីឡាករវ័យ ២៦ឆ្នាំ រូបនេះនឹងក្លាយជាកម្លាំងយ៉ាងសំខាន់របស់ក្លឹបដើម្បីធ្វើការប្រកួតប្រជែងក្នុងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ៕