(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បានចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធនីហ្សេរីយ៉ា ២រូបគឺ Bisan George និង Dzarma Bata ក្នុងរដូវកាលឆ្នាំ២០១៩ ខណៈ Mohamed Hamza ខ្សែបម្រើជនជាតិអេហ្ស៊ីប ក៏បន្តរួមរស់នៅកីឡដ្ឋានខេមរភូមិន្ទទៀតដែរ។

កីឡាករ Bata បានប្រឡូកចូលលីគកំពូលកម្ពុជានៅឆ្នាំ២០១៤ ជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទី២ ហើយក៏ក្រសោបបានស្បែកជើងមាសនាពេលនោះតែម្ដង។ ខ្សែប្រយុទ្ធធ្លាប់លេងនៅវៀតណាមរូបនេះ ក៏បន្តលេងឲ្យបឹងកេត អង្គរថៃហ្គឺរ អាស៊ីអឺរ៉ុបយូណាយធីត និងសូលទីឡូអង្គរនាពេលកន្លងមក។

ចំណែកកីឡាករ Bisan George គេធ្លាប់លេងឲ្យឆ្លាមសមុទ្រ បឹងកេត ភ្នំពេញក្រោន ២លើក អាស៊ីអឺរ៉ុបយូណាយធីត, ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើល។ ក្រសួងការពារជាតិ ជាក្លឹបនៅកម្ពុជាទី៧ សម្រាប់ម្ចាស់ស្បែកជើងមាសលីគកំពូល ឆ្នាំ២០១៨ ចាប់តាំងពីរូបគេឈានជើងមកកាន់ទឹកដីម្ចាស់អង្គរមួយនេះក្នុងឆ្នាំ២០១២។

គួរបញ្ជាក់ផងថា Mohamed Hamza បានបន្តកិច្ចសន្យាថ្មី ក្រោយចំណាយពេលលេងក្នុងជើងទី២ រដូវកាលឆ្នាំ២០១៨ ជាមួយក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យមួយនេះ៕