(ភ្នំពេញ)៖ តារាសម្ដែងមានមុខមាត់ស្រដៀង នឹងតារាសម្ដែងសិចស៊ី​ ឌុច លីដា គឺកញ្ញា ផាន់ ផាត់ណា បានឱកាសបញ្ចេញទេពកោសល្យ សម្ដែងរួមគ្នាជាមួយលោក សេង មង្គល ជាលើកដំបូង តាមរយៈភាពយន្តភាគថ្មី រឿង «រៃប្តូរទ្រនំ» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលបានធ្វើពិធីក្រុងពាលីចេញថត នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចំថ្ងៃទិវានៃក្ដីស្រឡាញ់ នៅក្នុងសណ្ឋាគារសូហ្វីតែល ដោយមានថ្នាក់ដឹកនាំ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ផលិតករ និងតារាសម្ដែង ព្រមទាំងក្រុមការងារជាច្រើននាក់ចូលរួម។

ស្រីស្រស់ ផាន់ ផាត់ណា បាននិយាយថា នាងត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ខាងផលិតករថៃ ទាក់ទងឲ្យសម្ដែងជាតួឯកច្រើនរឿងមកហើយ ប៉ុន្តែដោយសារតែរវល់​ច្រើន ទើបនាងមិនសូវមានមុខសម្ដែង នៅក្នុងស្ថាប័នធំមួយនេះ ខណ:ដែលបានទទួលការសម្ដែង ក៏បានសម្ដែងក្នុងរឿង «រ៉ៃប្ដូរទ្រនំ» ដែលតម្រូវឲ្យនាងសម្ដែងជាតួនារីរបាំតែម្ដង។ នាង​ពិតជាសប្បាយចិត្តណាស់ ដែលខ្លួនត្រូវគេឲ្យសម្ដែងជាតួរបាំឈ្មោះ «នីកា» ដោយត្រូវសម្ដែងជានារីស្រស់ស្អាត ហើយចេះរបាំ និងមានការលះបង់ខ្ពស់ ដើម្បីឪពុក និងប្អូនស្រី។

តារាសម្ដែង ផាន់ ផាត់ណា បានប្រាប់ឲ្យដឹងទៀតថា ​​ការសម្ដែងជាតួនារីរបាំ ​​គឺជារឿងលើកទី១ ហើយដែលនាងមិនធ្លាប់បានសម្ដែងទាល់តែសោះ។ ​ខ្សែភាពយន្តនេះ គឺនាងនឹងជួបផលវិបាក រាប់មិនអស់ ជាពិសេស គឺការរាំរបាំ ដែលតម្រូវឲ្យនាងត្រូវតែហ្វឹកហាត់ ឲ្យបានស្ទាត់មុនពេលសម្ដែងធ្វើជាអ្នករាំរបាំ មួយឈុតៗ។​ ទោះយ៉ាងណា ក្នុងរឿង «រ៉ៃប្ដូរទ្រនំ» ​នាងនឹងប្រឹងសម្ដែង ឲ្យអស់ពីសមត្ថភាព ដោយសារតែនាង ក៏ត្រូវការឲ្យក្រុមផលិតករ ចាប់អារម្មណ៍ចំពោះការសម្ដែងរបស់ខ្លួន ​ដើម្បីទាក់ទាញបានតំណែងតួឯក លើកក្រោយៗ បន្ទាប់ពីភាពយន្តនេះ ត្រូវបានបញ្ចប់។

ទោះបីជាយ៉ាងណា នាងបានសម្ដែងក្ដីសប្បាយចិត្ត ពេលបានតំណែងក្នុងភាពយន្តនេះ ដោយសារតែក្នុងរឿងទាំងមូលប្រមូលផ្ដុំ សុទ្ធតែតារាល្បីៗ ជាពិសេសលោក សេង មង្គលជាតួសំខាន់ ហើយជាស្នាដៃដែលផលិត ដោយក្រុមផលិតករថៃ ដែលក្រោយពីបានធ្វើការរួមគ្នា គឺពិតជាទទួលបានបទពិសោធន៍ច្រើន។

ខ្សែភាពយន្តរឿង «រៃប្តូរទ្រនំ» នឹងចាប់ផ្តើមថតនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានចំនួនជាង៣០ភាគ។ រឿងថ្មីនេះ សម្តែងដោយលោក សេង មង្គល, កញ្ញា ផាន់ ផាត់ណា, លោក អៀង ចេនឡា, លោក ពិសិដ្ឋ, កញ្ញា សុម៉ា ឡាឡែន, កញ្ញា នីតា វរវង្ស, កញ្ញា ផាណាម៉ុច, កញ្ញា ប៊ែលឡា, លោក គីម យុន, ញឹម សុខា, ឆ័យលី ដាឡែន, ភីយ៉ាដា, លោក ស្អាង ដួងចិត្ត និងតារាល្បីៗមួយចំនួនទៀត៕