(ថៃ)៖ ជាការពិត តារាសម្តែងស្រីកញ្ញា Namcha បានបង្ហាញពីទំនាក់ទំនងស្នេហារបស់នាង ជាមួយមិត្តប្រុស ជាយូរមកហើយ ខណៈកន្លងទៅអ្នកទាំងពីរ ក៏មិនទាន់បង្ហើបពីគម្រោងរៀបការនោះទេ ទោះបីជាទាក់ទងគ្នាយូរហើយក្តី។ យ៉ាងណាមិញ ថ្មីៗនេះទស្សនិកជន បានសម្តែងនូវអារម្មណ៍ រំភើប និងរីករាយជាខ្លាំង ពេលទទួលដំណឹងថា​ តារាសម្តែងស្រីរបស់ថៃ គឺ កញ្ញា Namcha Sheranut និងមិត្តប្រុស បានប្រកាសជាសាធារណៈថា អ្នកទាំងពីរនឹងរៀបការនៅចុងឆ្នាំ ២០១៩ នេះ។

តាមការកត់សម្គាល់ ទំនាក់ទំនងស្នេហ៍ រវាងតារាស្រី Namcha និងគូស្នេហ៍ គឺបានចាប់ផ្តើមរយៈពេល ១៤ឆ្នាំមកហើយ បើគិតត្រឹមដើមឆ្នាំ២០១៩នេះ។ លើសពីនេះ យោងតាមប្រភពបានឱ្យដឹងថា តារាស្រី Namcha និងមិត្តប្រុស ធ្វើការប្រកាសថារៀបការនៅចុងឆ្នាំនេះ គឺតាមរយៈអ្នកទាំងពីរបានផ្តល់បទសម្ភាសន៍មួយ ក្នុងកម្មវិធី សម្ពោធហាងលក់សម្លៀកបំពាក់ មួយកន្លែង។ ដោយក្នុងនោះអ្នកទាំងពីរ បានបង្ហើបប្រាប់អំពីពេលវេលារៀបការ ដែលគ្រៀងរៀបចំឡើងនៅចុងឆ្នាំនេះ ខណៈគំរោងនេះទៀតសោតនឹងចំណាយលុយ ១០០លានបាត សម្រាប់រៀបចំ។

កាលដែលទទួលនូវដំណឹងនេះហើយ មហាជនជាច្រើនសម្ដែងការរំភើប និងអបអរសាទរដល់គូស្នេហ៍មួយគូនេះ ព្រមទាំងជូនពរអ្នកទាំងពីរ ឱ្យជោគជ័យក្នុងការសាងជីវិតស្នេហាជាមួយគ្នា៕