(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករជម្រើសជាតិ ចំនួន៤រូប គឺកីឡាករ ឌុច ប៊ុនធឿន និងកីឡាករ ញ៉ូវ ចាន់ ប្រកួតវិញ្ញាសា Laser Standard និងកីឡាករ ហៀង ស៊ុនហេង និងកីឡាករ ប៉ាល់ សីលា លើការប្រកួតនៃវិញ្ញាសា Windsurfing RS:One កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រទេសម៉ាឡេស៊ី។

ការប្រកួតនេះដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស ជាអគ្គលេខាធិការទៅចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ The 16th KFC Langkawi International Regatta 2019 នៅរដ្ឋឡាំកាវី ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។

នេះគឺជាការចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ លើកទី៣ នៃឆ្នាំ២០១៩។ សម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្រោយពីទទួលភាពជោគជ័យកីឡាករទូកក្តោងកម្ពុជា នៅក្នុងការប្រកួតកម្មវិធី Thailand Windsurfing Championship 2019 ដែលទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង និងការប្រកួតកីឡាទូកក្តោងនៃកម្មវិធី 38th Singapore Open Windsurfing Championship នៅប្រទេសសិង្ហបុរី ដែលទទួលបានមេដាយសំរឹទ្ធិ ២គ្រឿង។

ការប្រកួតជាលក្ខណៈអន្តរជាតិនេះមានចំនួន ៥ប្រភេទទូក ស្មើនឹង ១៣វិញ្ញាសា ដោយមានប្រទេសចំនួន ៨ប្រទេសដូចជា ប្រទេសកម្ពុជា ចិន កូរ៉េខាងត្បូង ឥណ្ឌា ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងបណ្តារដ្ឋផ្សេងៗរបស់ប្រទេសម៉ាឡេស៊ី៕