(ភ្នំពេញ)៖ ថ្មីៗនេះខ្សែភាពយន្ត របស់ផលិតកម្ម មាតុចក្រហ្វីលម៍ ដែលមានចំណងជើងថា «ទារុណកម្មខ្មោច» កំពុងតែបញ្ចេញ ជា Trailer ថ្មី ធ្វើអោយមានការចាប់អារម្មណ៍ ខ្លាំងព្រោះសាច់រឿង បង្កប់ដោយឈុតឆាកព្រឺព្រួច រន្ធត់ញាប់ញ័រ​។

ក្នុងនោះ សាច់រឿងមួយនេះ បានចូលរួមសម្តែង ដោយកញ្ញាស្រស់ស្អាត គឺកញ្ញា ដួង ម៉ានិច រួមគ្នាជាមួយ លោក ហ៊ុយ យ៉ាឡេង ទាំងពីររូបនេះជួបគ្នាជាលើកដំបូង។ ការជួបគ្នាជាលើកដំបូងនេះបានធ្វើអោយមានការសង្ឃឹមថារឿងនេះអាចទាក់ទាញការអារម្មណ៍ពីទស្សនិកជន។

ដោយឡែក កញ្ញា ដួង ម៉ានិច បានថ្លែងប្រាប់ឲ្យដឹងថា ថ្វីត្បិតនាង និងលោក ហ៊ុយ យ៉ាឡេង គឺជាអ្នកដែលរស់នៅក្នុងខេត្ត បន្ទាយមានជ័យ ប៉ុន្តែអ្នកទាំងពីរ មិនដែលបានសម្តែងប៉ះគ្នាម្តងឡើយ ទោះបើបានប្រឡូកចូលក្នុងវិថីសិល្បៈ យូរឆ្នាំយ៉ាងណាក្តី គឺជាលើកទី១ហើយ ដែលនាង បានចូលរួមសម្ដែងខ្សែភាពយន្តខ្នាតធំ រឿង «ទារុណកម្មខ្មោច» ជាមួយ លោក ហ៊ុយ យ៉ាឡេង​។

មិនខុសគ្នាពីកញ្ញា ដួង ម៉ានិច អ្នកដឹកនាំរឿង និងជាតួសម្ដែងក្នុងរឿង «ទារុណកម្មខ្មោច» ផ្ទាល់ លោក ហ៊ុយ យ៉ាឡេង លោកបានថ្លែងថា ដួង ម៉ានិច គឺជាអ្នកខេត្តដូចគ្នាក៏ពិតមែន ប៉ុន្តែចំពោះការដាក់តួ ដួង ម៉ានិច គឺដោយសារតែ ខ្សែភាពយន្តលើកនេះ តួឯកស្រីគឺស័ក្តិសមបំផុត សម្រាប់កញ្ញា ដួង ម៉ានិច តែម្តង​មិនមែនមកពីកញ្ញា ដួង ម៉ានិចជាអ្នកខេត្តរួមគ្នាឡើយ។

ជាមួយគ្នានេះ លោក ហ៊ុយ យ៉ាឡេង ផ្ទាល់ ក៏បានកោតសរសើរ​ចំពោះសមត្ថភាព​របស់​ស្រីស្អាត ដួង ម៉ានិច ទាំងចរិតរបស់នាង ក្នុងការងារ និងការសម្តែង គឺពិតជាល្អ ជាហេតុធ្វើឲ្យ លោកមានសង្ឃឹម កាន់តែខ្លាំង ទៅលើផ្ទៃនៃសាច់រឿងទាំងមូលថា នឹងទទួលបានជោគជ័យ ហើយតួអង្គម្នាក់ៗ ពិតជាធ្វើបានល្អគ្រប់ៗគ្នាផងដែរ៕