(ភ្នំពេញ)៖ តារាស្រីមានឈ្មោះបោះសំឡេង ក្នុងវិស័យកំប្លែងនាពេលបច្ចុប្បន្ន អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានធ្វើឲ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំង រហូតមានអ្នកខ្លះចូលរួមស្រក់ទឹកភ្នែក ជាមួយនាងទៀតផង ក្រោយទស្សនាវីដេអូមួយ ដែលនាងខ្ញុង​បានរៀបរាប់ទាំងទឹកភ្នែក ពីការឆ្អែតចិត្តស្អិតទ្រូង ឈឺចាប់ក្នុងបេះដូង ដោយសារប្តីមានស្រីខាងក្រៅ។

ជាការពិតក្នុងវីដេអូ​របស់ខ្ញុង ដែលត្រូវបានអ្នកគាំទ្រ ធ្វើការចែករំលែកយ៉ាងព្រោងព្រាត លើបណ្តាញសង្គមនៅពេលនេះ គឺនាងបានរៀបរាប់ថា «និយាយការពិតទៅ រាល់ថ្ងៃហ្នឹង ខ្ញុំខ្ពើមរអើមនឹងប្តីខ្ញុំខ្លាំងណាស់ គឺខ្ពើមរហូតដល់ថ្នាក់ អត់ចង់ដេកនៅជាមួយគាត់ទេ ព្រោះខ្ញុំដឹងថាគាត់មានស្រីនៅខាងក្រៅ ទៅប្រឡាក់ប្រឡូក ជាមួយស្រីញីនៅខាងក្រៅ ខ្ញុំខ្ពើមម៉ង។ បើគ្រាន់តែចូលខារ៉ាអូខេ ផឹកស៊ី ឱបថើប ធម្មតាខ្ញុំអត់ឃាត់ទេ ទៅចុះ តែនេះវិញ គឺលក្ខណៈចិញ្ចឹម រាប់ខែរាប់ឆ្នាំទៅហើយ ជួលផ្ទះឲ្យនៅ ឲ្យលុយចាយ កន្លែងសប្បាយ ជួបជុំមិត្តភ័ក្តិនាំទៅហើយ ហៅ «​ប្រពន្ធ» ពេញៗមាត់។ ខ្ញុំឈឺចាប់ណាស់...ពេលខ្លះខ្ញុំគិតថា ចង់លែងគ្នា តែចិត្តមួយអាណិតកូន មួយទៀតខ្មាស់គេ​»

យ៉ាងណាមិញ ជាមួយនឹងវីដេអូមួយនេះ គឺត្រូវបានទស្សនិកជនជាច្រើនចូលទស្សនា បើទោះបីការនិយាយរៀបរាប់របស់ នាងខ្ញុង ជារឿងផ្ទាល់ខ្លួនរបស់នាង ឬមិនមែន​ ​មិនសំខាន់នោះទេ តែអ្វីដែលគ្រប់គ្នាពេញចិត្តនោះ គឺត្រង់ថា វីដេអូមួយនេះបានឆ្លុះបញ្ចាំងពីតថភាពសង្គមបច្ចុប្បន្ន ថាមនុស្សប្រុសចំនួនគឺបែបនេះមែន ចូលចិត្តដើរលេងសប្បាយហ៊ឺហារស្រីញីអូនបង នៅក្រៅមិនខ្វល់ពីប្រពន្ធកូន ធ្វើឲ្យគ្រួសារខ្វះភាពកក់ក្តៅ។

មួយវិញទៀត វីដេអូនេះប្រៀបបាននឹងការតាស់តឿន បុរសៗមួយចំនួន ដែលជ្រុលខ្លួន មានស្រីខាងក្រៅ ក្បត់ប្រពន្ធកូនហើយ ឲ្យចេះកែខ្លួនជាថ្មី ដើម្បីសុភមង្គលក្នុងគ្រួសារ។

សូមទស្សនា ដូចខាងក្រោម៖