(ភ្នំពេញ)៖ លោក ភា សុភ័ក្ដ្រា បានបញ្ជាក់ថា ពេលនេះខ្លួនកំពុងទំនេរ ក្រោយសម្រេចចែកផ្លូវជាមួយក្លឹបក្រសួងការពារជាតិ (ទ័ព) កាលពីថ្មីៗ។ ទន្ទឹមជាមួយគ្នា លោកក៏បានបើកភ្លើងខៀវស្វាគមន៍ក្លឹបថ្មី ដែលចង់បានរូបលោកទៅដឹកនាំ រួមទាំងគោលដៅមួយចំនួនទៀត ករណីលោករកទ្រនំថ្មីដឹកនាំមិនបាននារដូវកាលថ្មីផងដែរ។

គ្រូបង្វឹកទើបជួយក្រុម Cambodia All Stars ផ្ដួលក្រុម Muangthong United ២-១ កាលពីថ្មីៗរូបនេះនិយាយថា «ពេលនេះខ្ញុំបានចប់ភារកិច្ចជាមួយក្រសួងការពារជាតិហើយ ចឹងខ្ញុំកំពុងសម្លឹងរកការងារថ្មី បើមានក្លឹបណាចាប់អារម្មណ៍ យើងនឹងធ្វើការចរចាគ្នា ព្រោះយើងជាគ្រូបាល់ទាត់ស្រាប់ យើងអត់ចង់អសកម្មភាពបាល់ទាត់អំឡុងពេលណាមួយនោះទេ»

ប៉ុន្ដែបើសិនលោករកទ្រនំថ្មី មិនបានលោកក៏មិនបោះបាល់ការងារបាល់ទាត់នេះដែរ។ លោកថា «ក្នុងករណីយើងមិនមានឱកាសដឹកនាំក្លឹប ខ្ញុំសង្ឃឹមនឹងមានឱកាសអភិវឌ្ឍន៍យុវជន ទោះមិនបានចូលរួមជាមួយសហព័ន្ធ ក៏ខ្ញុំមានផែនការបង្ហាត់ក្មេងៗនៅតំបន់ខ្ញុំរស់នៅដែរ»។ យ៉ាងណាមិញលោកនៅតែមានជំនឿចិត្តខ្ពស់ ក្នុងការស្វែងរកក្លឹបថ្មី គ្រាន់តែត្រូវការប្រើពេលវេលាប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក ភា សុភ័ក្ដ្រា បានប្រកាសចែកផ្លូវជាមួយក្រសួងការពារជាតិទាំងអាថ៌កំបាំង ពុំមានការបញ្ជាក់ពីសាមីខ្លួន ឬក្លឹបដែលនាំឲ្យភាគីទាំងពីរឈានដល់ផ្លូវបំបែកនោះទេ។ តែមុនចែកផ្លូវគ្នា គ្រូបង្វឹកកម្រិត A រូបនេះ បានបន្សល់នូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ដ្រមួយ គឺការជួយក្រសួងការពារជាតិ លើកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១២ និងទទួលបានចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ទៀតផង៕