(ភ្នំពេញ)៖ កីឡាករស្បែកខ្មៅ Anderson Zogbe បាននិយាយថា សក្តានុពលរបស់ណាហ្គាវើលបូករួមទាំងកត្តាកីឡាករ និងគ្រូបង្វឹក ព្រមទាំងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រុម គឺជាមូលហេតុរូបគេបន្តផ្ញើជោគវាសនាទៅមុខទៀត។

សមាជិក Cambodia All Stars ឆ្នាំ២០១៩ បានពន្យល់ថា «ខ្ញុំពិតជារីករាយណាស់ដែលបានបន្តនៅណាហ្គាវើល ពីព្រោះជាក្លឹបដ៏ល្អមួយ សម្បូរដោយកីឡាករមានសមត្ថភាពខ្ពស់ ហើយគ្រូបង្វឹកក៏ដូចគ្នា។ ខ្ញុំមិនចង់ធ្វើជាវីរបុរសនៅទីនេះ ប៉ុន្តែអ្វីសំខាន់នោះ គឺខ្ញុំសប្បាយចិត្តក្នុងការលេងនៅទីនេះ ហើយគ្រូបង្វឹកក៏បានផ្ដល់ឱកាសដល់ខ្ញុំ និងតែងតែជួយខ្ញុំជារៀងរហូតមក»

ខ្សែការពារជនជាតិកូឌីវ័រឲ្យដឹងថា ខ្លួនរីករាយនឹងបន្តលេងឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ តែមិនមានបំណងធ្វើវីរបុរសនៅក្លឹបនេះទេ។

ជាមួយគ្នានោះ លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាក៏បានលើកឡើងថា Anderson ជាខ្សែការពារដ៏ល្អនៅក្នុងក្រុម បន្ទាប់ពីនាំរូបគេមកចូលជាមួយណាហ្គាវើលក្នុងឆ្នាំ២០១៣ មុនផ្លាស់ទៅលេងឲ្យបៀលប្រាយ ឆ្នាំ២០១៥ និងត្រឡប់មកណាហ្គាវិញនាឆ្នាំ២០១៦៕