(ដកម៉ាន់)៖ យន្តហោះដឹកក្រុមកីឡាករបាល់ទាត់នៃក្លឹប Borussia Dortmund ត្រូវបានពន្យារពេលហោះ ដោយសារតែកីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេស Jadon Sancho បានភ្លេចលិខិតឆ្លងដែនក្នុងដំណើរចេញពីទីក្រុង Dortmund នៃប្រទេសអាល្លឺម៉ង់ ឆ្ពោះមកកាន់ទីក្រុង London របស់អង់គ្លេសនាថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ Borussia Dortmund បានធ្វើដំណើរមកដល់អង់គ្លេសនៅថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ និងធ្វើការហ្វឹកហាត់នៅកីឡដ្ឋាន Wembley ដើម្បីប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Tottenham Hotspur ជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League ថ្ងៃព្រហស្បតិ៍ស្អែកនេះ។

កីឡាករវ័យ១៨ឆ្នាំ Sancho រកបានគ្រាប់ទី១ ឲ្យ Dortmund ក្នុងជំនួបដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ៣-៣ ទល់នឹងក្រុម Hoffenheim កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅលីគកំពូលអាល្លឺម៉ង់ Bundesliga ខណៈមិត្តរួមក្រុម Marco Reus មិនបានរួមដំណើរមកជាមួយនោះទេ ដោយសារមានបញ្ហារបួស៕