(ភ្នំពេញ)៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានបើកសន្និសីទសារព័ត៌មាន ស្តីពីការបើកព្រឹត្តិការណ៍ប្រកួតប្រដាល់ដែលមានឈ្មោះថា «អ្នកតស៊ូគុនខ្មែរគោជល់» នៅតាមបណ្តាខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជា ដែលជាខេត្តមានសក្ដានុពលខាងកីឡាប្រដាល់គុនខ្មែរ ដោយមានជាការសហការគ្នារវាងសហព័ន្ធប្រដាល់គុនខ្មែរជាមួយទូរទស្សន៍ CNC ដោយមានការឧបត្ថម្ភទាំងស្រុងដោយភេសជ្ជៈគោជល់។

លោក មាន សំអុល នាយកចាត់ការទូទៅភេសជ្ជៈប៉ូវកម្លាំងគោជល់នៅកម្ពុជាបានថ្លែងថា តាមរយៈការឧបត្ថម្ភរបស់គោជល់ កម្មវិធីប្រដាល់គុនខ្មែរមិនត្រឹមតែរៀបចំនៅក្នុងស្ថានីយទូរទស្សន៍ប៉ុណ្ណោះទេ គោជល់ បានរៀបចំកម្មវិធីប្រដាល់នៅតាមបណ្ដាខេត្ត ដែលជាស្រុកកំណើតរបស់កីឡាករ និងទស្សនិកជនមួយចំនួនទៀត ដូច្នេះទស្សនិកជនអាចទស្សនាការប្រដាល់ និងអ្នកគាំទ្រកីឡាករនៅក្នុងខេត្ត/ក្រុងរបស់ខ្លួនផ្ទាល់តែម្តង។

ចំពោះខេត្តចំនួន៤ ដែលនឹងត្រូវរៀបចំការប្រកួតនេះមានដូចជា ខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ចាម ហើយអ្នកប្រដាល់ដែលត្រូវចូលរួមប្រកួត គឺអ្នកប្រដាល់ដែលស្ថិតនៅក្នុងខេត្តនោះ ឬអ្នកប្រដាល់ដែលមានប្រភពកំណើតនៅខេត្តទាំងនោះតែម្ដង។

ការប្រកួតគឺស្ថិតក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ដែលខេត្តនីមួយៗត្រូវមានអ្នកប្រដាល់ចំនួន ៤រូប ប្រកួតគ្នាដើម្បីរកអ្នកខ្លាំងចំនួន ២រូប បន្ទាប់ពីរកឃើញជើងខ្លាំងពីខេត្តទាំង៤ ដែលមានអ្នកប្រដាល់ចំនួន ៨រូបហើយនោះពួកគេត្រូវមកប្រកួតបន្តមកនៅសង្វៀន CNC រាជធានីភ្នំពេញ។

អ្នកប្រដាល់ទាំង ៨រូបប្រកួតជម្រុះយក ៤រូបហើយ ៤រូបជម្រុះយក ២រូប រីឯអ្នកខ្លាំង ២រូបចុងក្រោយ ត្រូវប្រកួតផ្ដាច់ព្រ័ត្រតែម្ដង សម្រាប់ជើងខ្លាំងនៃព្រឹត្តិការណ៍នេះគេនឹងមានឱកាស ដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេស និងប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាច្រើនថែមទៀតផង។

យុទ្ធនាការនេះ នឹងចាប់ផ្ដើមចេញដំណើរមុនគេពីខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកុម្ពៈ ឆ្នាំ២០១៩ និងនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ និងចុងក្រោយនៅខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានការផ្សាយផ្ទាល់តាមប៉ុស្តិ៍ស៊ីអិនស៊ី ពីម៉ោង ៥៖៣០ល្ងាច ដល់ម៉ោង៨យប់៕