(កូរ៉េ)៖ ពេលនេះជនដែលបំផុសបំផុលពាក្យចចាមអារ៉ាម បង្ហាញពីចេតនាអាក្រក់ចំពោះទំនាក់ទំនង រវាងតារាសម្តែងស្រី Jung Yoo Mi និងផលិតករ Na Young Suk ត្រូវបានប៉ូលីសចាប់ខ្លួនហើយ។

តាមសេចក្តីរាយការណ៍របស់ TV Report កាលពីថ្ងៃទី១១ ខែកុម្ភៈ បានឲ្យដឹងថា នៅអំឡុងខែតុលាឆ្នាំមុន មានជនរប៉ិលរប៉ូចផ្សព្វផ្សាយ​តាមបណ្តាញសង្គមថា Jung Yoo Mi និង Na Young Suk អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាក្រៅឆាក បន្ទាប់ពីធ្វើការជាមួយគ្នាក្នុងកម្មវិធី «Youn's Kitchen» ប៉ុន្តែភាគីទាំងសងខាងបានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះពាក្យចចាមអារ៉ាមនេះ ហើយប្រកាសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង។

ជាការពិត ពេលនេះជនបង្កត្រូវបានគេរកឃើញហើយ និងត្រូវបញ្ជូនទៅកាត់ទោសផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់​អត្តសញ្ញាណរបស់ជននេះនៅឡើយ។ ចំណែកតារាសម្តែង Jung Yoo Mi បានសហការជាមួយសមត្ថកិច្ចចំពោះរឿងនេះក្នុងនាមជាជនរងគ្រោះ៕