(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីតម្លៃ និងកាលបរិច្ឆេទលក់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជាទទួលបានធ្វើជាម្ចាស់ផ្ទះហើយ ដោយគ្រោងចាប់ផ្ដើមលក់នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខ ដែលត្រូវនឹងថ្ងៃទិវានៃសេចក្ដីស្រឡាញ់តែម្ដង។

ចំពោះតម្លៃសំបុត្រ ក៏មិនខុសពីសំបុត្រចូលទស្សនាការប្រកួតរវាងក្រុម Cambodia All Stars ប៉ះក្រុម Muangthong United និងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាកន្លងមកដែរ ដោយរក្សាតម្លៃ ១០,០០០រៀល សម្រាប់កន្លែងអង្គុយមានកៅអី និងតម្លៃ ៥,០០០រៀល សម្រាប់កន្លែងអង្គុយធម្មតាដដែល។ រីឯទីតាំងលក់សំបុត្រ គឺមានលក់នៅពហុកីឡដ្ឋានជាតិ។

គួរបញ្ជាក់ថា ពានរង្វាន់ប្រចាំតំបន់ AFF U22 Championship 2019 នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៧-២៦ ខែកុម្ភៈខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ដោយក្រុមម្ចាស់ផ្ទះ U22 កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ខណៈពូល A មានក្រុម U22 ថៃ វៀតណាម ហ្វីលីពីន និងក្រុម U22 ទីម័រខាងកើត។ ចំពោះប្រកួតបើកឆាករបស់ក្រុមគោព្រៃកម្ពុជា ត្រូវជួបក្រុម U22 ម៉ាឡេស៊ីមុនគេនាថ្ងៃទី១៨ ខែកុម្ភៈខាងមុខ៕