(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Aaron Ramsey បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្លឹបសេះ បង្កង់ Juventus ដោយទទួលបានថ្លៃនឿយហត់ប្រមាណ ៥១ម៉ឺនដុល្លារក្នុង១សប្តាហ៍។

ក្រោយចុះកិច្ចសន្យារយៈពេល ៤ឆ្នាំទុកមុននេះ បានធ្វើឲ្យកីឡាករក្រុមជម្រើសជាតិវ៉េល វ័យ២៨ឆ្នាំ Ramsey ទទួល បានតម្លៃខ្លួនខ្ពស់ជាងគេនៅចក្រភពអង់គ្លេស ដោយរូបគេនឹងផ្លាស់ចេញពីក្លឹបកាំភ្លើងធំ Arsenal នាខែមិថុនា ឆ្នាំ២០១៩ ខាងមុខ ចំពេលដែលកិច្ចសន្យាចាស់របស់គេនៅ Emirates អស់សុពលភាពផងដែរ ដែលធ្វើឲ្យកាំភ្លើងធំ មិនទទួលបានតម្លៃខ្លួនអ្វីឡើយ។

Ramsey បានចំណាយពេល ១១ឆ្នាំជាមួយ Arsenal ដោយបានធ្វើតេស្តសុខភាពម្តង ជាពីរដងជាមួយក្លឹបយក្សអ៊ីតាលី Juventus នាអំឡុងរដូវកាលដោះដូរកីឡាករក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩។

នៅគេហទំព័រផ្លូវការនៃក្លឹប Juventus ក៏បានធ្វើការស្វាគមន៍ និងបញ្ជាក់ផងថា Ramsey បានក្លាយជាកីឡាករវ៉េលទី៣ ដែលចូលរួមជាមួយ Juventus បន្ទាប់ពីមិត្តរួមជាតិ John Charles និង Ian Rush៕