(ភ្នំពេញ)៖ ចម្រៀងរ៉េបថ្មីបទ «អេម» ទទួលរងនូវការរិះគន់យ៉ាងខ្លាំង ដោយសារតែមានពាក្យខ្លឹមសារ ធ្វើឱ្យមហាជនមិនអាចទទួលយកបាន។ ទន្ទឹមគ្នានេះលោក ថេណា ក៏មានទំនួលខុសត្រូវផងដែរ ដោយលុបចម្រៀងចេញពី Channel Youtube ដើម្បីបញ្ចប់រឿង ហើយលោកក៏បានស្នើឱ្យបញ្ឈប់បំប៉ោងព័ត៌មានតទៅទៀតដែរ ជុំវិញរឿងនេះ។ តែយ៉ាងណា មានកវី និងអ្នកនិពន្ធល្បីឈ្មោះ ២រូប លោក សុខ ជំនោរ និងលោក ខាំ ភូរិ បានចេញមុខមកបញ្ចេញមតិ ក្នុងន័យអប់រំ ផ្តល់យោលបល់ ដើម្បីលើកទឹកចិត្ត ថេណា ដែលមិនមែនជាការរិះគន់ ឬបំប៉ោងព័ត៌មានឡើយ។

លោក សុខ ជំនោរ បានសរសេរសំណេរលើបណ្តាញសង្គមថា «មួយម៉ាត់មួយក ក្រោយភ្លើងរលត់ ព្រោះ #Tena បានលប់បទចម្រៀងរបស់ខ្លួនពី Channel ហើយ ដែលត្រឹមរយៈពេល១៦ម៉ោង មានអ្នកមើលរហូត ១៤៦K នេះចាត់ជាចំនួនមួយច្រើនគួរសម (Chennel ផ្សេងនៅមាន)។ តែអ្វីដែលខ្ញុំឈ្វេងយល់ក្នុងនាមបុគ្គល និងអ្នកចូលចិត្តអានជាទូទៅ៖

១- រយៈពេល១៦ម៉ោង មិនមានសារព័ត៌មានណាមួយបង្ហាញពីការបកស្រាយរបស់ TENA (រឺខ្ញុំអានមិនប៉ះ) ដែលភាគច្រើនសរសេរតាមគ្នាសុទ្ធសាធ សូម្បីតែរូបភាព.... នេះបង្ហាញថា សំបូរអ្នកសរសេរចងមុង។

២- រកឃើញថា អ្នកស្តាប់ចម្រៀងស្រុកយើងមិនទាន់ទទួលបានទេអត្ថន័យបែបនេះ អ៊ីចឹង អ្នកនិពន្ធ រឺអ្នកផលិតស្នាដៃសិល្បៈដទៃ គួរបាន​រៀនសូត្រពីចំណុចនេះ ដែលមិនបាច់មានគេជេរ ព្រោះ Tena រងជំនួសហើយ។

៣- បទចម្រៀង Tena EM នេះ បង្ហាញពីសោភណ្ឌ គឺភ្លេង សមត្ថភាព Rap នានា មានន័យថា ចម្រៀងមានសោភណ្ឌ តែអត្ថន័យមិនទាន់ទទួលយកបានពីមហាជន។

៤- ចម្រៀងមួយបទនោះ រក្សាបាននូវស្ទីលរបស់ Tena ទាំងរបៀបច្រៀង និងមេឡូឌី។

៥- Tena បានមកកាត់ រឿងរ៉ាវ ចំប៉ីខ្មៅ នីរតនា មីល្ពៅ មេ PM នៅរតនគីរី បានយ៉ាងទាន់ពេលវេលា....

៦- Tena បានដកពិសោធន៍ឃើញថា ខ្លួនបានក្លាយជាមនុស្សមហាជន និងមានការទទួលស្គាល់សមត្ថភាពយ៉ាងច្រើន។

៧- Tena បានឲ្យសារថ្មីមួយទៅអ្នកស្តាប់ ថាខ្លួនមិនចាំបាច់ធ្វើបទ Rap ជេរគ្នាទេ ធ្វើបែប EM នោះក៏បាន ដោយមិនបាច់ប្រឡូកប្រឡាក់ជាមួយគេ

៨- អវសាន្ត «ចម្រៀងជាកញ្ចក់ផលិតឡើងដោយជាងមួយក្រុមឈ្មោះសិល្បៈ» #សជន»

ងាកមករកសំណេររបស់អ្នកនិពន្ធល្បីឈ្មោះ ខាំ ភូរិ វិញ ក៏បានសរសេរដែរថា «ខ្ញុំនឹងមិនរិះគន់អត្ថន័យបទនេះទេ​ ព្រោះពេញមួយបទខ្ញុំស្តាប់បានតែ ៣០% ប៉ុណ្ណោះ​ អ្វីដែលចង់និយាយ​ ប្អូនត្រូវធ្វើ​ គឺស្តាប់មតិរិះគន់របស់មនុស្សចាស់​ ហើយកែលំអរឡើងវិញ​ មិនមែនផ្ចាញ់គេវិញទេ​ ដោយក្តីគោរព»

ថេណា បានបង្ហោះសារ ដើម្បីសុំបញ្ជប់រឿងយ៉ាងដូច្នេះថា «រឿង​វា​ចប់​អស់​ហើយ​ នៅ​ឡើយ​តែ​សារព័ត៌មាន នៅ​បំប៉ោង​ដល់​ណា​ទៀត​ បាទ​ខ្ញុំ​មានទំនួលខុសត្រូវ ​ខ្ញុំធ្វើ​ខុស​ ខ្ញុំ​ទទួល​ការ​រិះគន់​របស់​មហាជន ​ខ្ញុំ​ក៏​បាន​លុប​បទ​នោះ​ចោល​ហើយ​ដែរ ​តើ​បន្ត​ដល់​ណា​ទៀត​? សុំទោសអ្នក​ទាំង​អស់​គ្នា​​សម្រាប់​កំហុស​មួយ​នេះ​»

ខាងលើនេះ គឺជាការបញ្ចេញនូវទស្សនៈរៀងខ្លួន ពីសំណាក់កវីនិពន្ធ សុខ ជំនោរ និងផលិតករ ខាំ​ ភូរិ ដែលវាប្រៀបបាននឹងការលើកទឹកចិត្ត ថេណា ឡើងវិញ ក្នុងនិពន្ធចម្រៀង ក៏ដូចជាការពន្យល់បន្ថែម ពីបរិបទនានា ក្នុងសង្គមសិល្បៈស្រុកខ្មែរ ថាចម្រៀងប្រភេទណា ដែលទស្សនិកជនអាចទទួលយកបាន។ អ្វីដែលពិសេសនេះ គឺត្រូវទទួលយករាល់ការរិះគន់ ដើម្បីស្ថាបនា និងប្រើប្រាស់សមត្ថភាពសិល្បៈ ដែលខ្លួនមាន ប្រកបដោយប្រសិទ្ធភាព មានក្រមសីលធម៌ ឱ្យសមជាសិល្បករខ្មែរ។ បែបនេះ ទស្សនិកជននឹងគាំទ្រ ព្រមទាំងលើកសរសើរពីស្នាដៃផលិតពុំខាន៕