(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក ខាន់ ជេមស៍ ថ្មីៗនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទ្សសនិកជន ខណៈដែលគេប្រទះឃើញ បទចម្រៀងមួយបទរបស់លោក បញ្ចេញនៅក្នុងផលិតកម្មសាន់ដេ ដែលមានចំណងជើងថា «My first love» គឺបទចម្រៀងរបស់លោក និងមានការច្រៀងរួមគ្នា ជាមួយតារាចម្រៀងប្រុសវ័យក្មេងមួយរូបទៀត ដែលត្រូវបានគេស្គាល់ថា ជាកូនខ្មែរ អាមេរិកគឺលោក មុត វ៉ៃ ធ្វើ​បទ​ចម្រៀង​ ដើម្បី​វាយ​​លុក​​ទីផ្សារ​​​ ចម្រៀង​នៅ​កម្ពុជា។

ជាមួយគ្នានេះ លោក ខាន់ ជេមស៍ បានថ្លែងប្រាប់បន្តថា កូន​ខ្មែរ​អាមេរិក ​ដែល​លោក ខាន់ ជេមស៍ បានចាប់ដៃ​គូ ​ជា​មួយ​ក្នុង​ផលិតកម្ម​សាន់ដេ ​​នោះ​មាន​ឈ្មោះ​ថា មុត វ៉ៃ (Mout wei) រស់​នៅក្នុងរដ្ឋ​កាលីហ្វញ៉ា ដែលម្ដាយ​ឪពុក​របស់តារាចម្រៀងរូបនេះ ជា​ខ្មែរ​មាន​កំណើត ​នៅ​ខេត្ត​បាត់ដំបង លោកបាន​ស្គាល់ មុត វ៉ៃ ៧​ឆ្នាំ​មុន គ្រាលោកចេញ​ទៅ​​ច្រៀង​លើ​ទឹក​ដី​អាមេរិក។

ផ្ដើម​ពី​អ្នក​គាំទ្រ ហើយ​មាន​​ទេពកោសល្យ​សិល្បៈ​ពី​កំណើត​ផង កូន​ខ្មែរ​កាត់​អាមេរិក​ម្នាក់​នេះ តែង​តែ​ចង់​មក​ធ្វើ ជា​អ្នក​សិល្បៈចម្រៀង​នៅ​ស្រុក​ខ្មែរ ទើបលោក ខាន់ ជេមស៍ផ្ទាល់ ក៏មានបំណងសាកល្បង ចាប់ដៃជាមួយគ្នាតែម្ដង មួយវិញទៀត មុត វ៉ៃ ក៏ជា​​មនុស្ស​ម្នាក់​ដែល​មាន ទេពកោសល្យ​សិល្បៈ​ពី​កំណើត ចេះជំនាញ​ធ្វើ​ភ្លេង រាំ និង​ច្រៀង​ជា​ដើម ហើយថែមទាំងមានក្រុមសិល្បៈមួយក្រុម នៅសហរដ្ឋ អាមេរិក ផងដែរ ។

បទថ្មី​ដែរច្រៀងរួម ​​គ្នា​បាន​​១បទ​ហើយ ​គឺ​បទ «My first love» ដែល​ជា​បទ​ញាក់ ដែលច្រៀង​រហូត​ ទៅដល់​ទី​៣​ភាសា ពោលរួមមានដូចជា ភាសា​ខ្មែរ អង់គ្លេស និង ថៃ ដែលទើបនឹងចេញនៅក្នុងផលិតកម្ម សាន់ដេ ក្នុងពេលថ្មីនៗ ។ ​​ចំពោះបទ​ចម្រៀង​​​១​បទ​នេះ ខាន់ ជេមស៍ ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ខ្លួន​បាន​នាំ​​ដៃគូ​រូប​នេះ​ឡើង​ច្រៀង តាម​កម្មវិធី​ប្រគំតន្ត្រី​ធំៗ ​មួយ​ចំនួន​​មក​ហើយ ហើយក៏ទទួល​បាន​ការ​គាំទ្រ​ខ្លាំង គួរឲ្យកត់សម្គាល់​។

តាមគម្រោង បទចម្រៀងដំបូងដែលលោក និងមុត វ៉ៃ ​គ្រោង​នឹង​ផលិត​​ជា​ MV ក្នុងពេលឆាប់ៗ​នេះ​ផង​ដែរ ។ ដោយឡែក ក្រៅ​ពី​ការ​ផលិត​ជា បទ​ចម្រៀង​ ច្រៀងរួមគ្នាហើយនោះ លោក ខាន់ ជេមស៍ បង្ហើប​​ថា កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​រូ​បនេះ ក៏​គ្រោង​នឹង បង្កើតជាក្លឹប​រាំ​ នៅ​ស្រុក​ខ្មែរខណៈដែល​លោក ក៏ជា ​គ្រូ​បង្រៀន​រាំ​១រូប​​ លើ​​ទឹក​ដី​អាមេរិក​មុនពេលដែលមកធ្វើជាដៃគូច្រៀង ជាមួយលោក ខាន់ជេមស៍ ។

ម្ចាស់​បទ «បុប្ផាក្រពុំ» រូប​នេះ​បាន​ថ្លែង​ប្រាប់បន្តថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​​ណាស់ ​នៅ​ពេល​បាន​ចាប់ដៃ​គូ​ជា​មួយ​លោក មុត វ៉ៃ និង​បាន​បំពេញ​​បំណង​ដែល​កូន​ខ្មែរ​អាមេរិក​រូប​នេះ​ចង់​ក្លាយខ្លួនទៅជាតារាចម្រៀង នៅក្នុងប្រទេសកម្ពុជា ថែមទៀត ។

លោក ខាន់ ជេមស៍ បានធ្វើការ​រំពឹងយ៉ាងមុតមាំ​ថា កិច្ចសហការគ្នាជាលើកដំបូង ក្នុងការធ្វើបទចម្រៀង នឹងទទួលបានជោគជ័យព្រមទាំងមានការគាំទ្រ ពីទស្សនិកជនផងដែរ មិនតែប៉ុណ្ណោះ លោកក៏នឹង​បន្ត​ផលិត​ស្នាដៃ បទចម្រៀង​ឲ្យ​បាន​ច្រើន​​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន ទទឹម​គ្នា​នេះ​ដែរ ខាន់ ជេមស៍ ក៏​បាន​ស្នើ​ទៅ​ទស្សនិកជន​ មេត្តា​​បន្ត​គាំទ្រ ពួក​គេ​ទាំង​ពីរ ដើម្បី​ជា​កម្លាំង​ចិត្ត​ ក្នុង​​ការ​ផលិត​បទ​ចម្រៀង ​និង​ស្នាដៃ​សិល្បៈ​ផ្សេង​ៗ ​ជា​បន្ត​បន្ទាប់​ទៀត ដើម្បីកាន់តែធ្វើឲ្យសិល្បៈចម្រៀង នៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនទៅមុខកាន់តែខ្លាំងឡើង៕