(ភ្នំពេញ)៖ តារាចម្រៀង Original លោក ថេណា ស្របពេលដែលបានទម្លាយផ្សព្វផ្សាយនូវបទចម្រៀងថ្មីរបស់ខ្លួន មានចំណងជើងថា «អេម» មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែផ្ទុះការរិះគន់ពីទស្សនិកជាច្រើន លើទង្វើររ៉េបបទនេះ មានអត្ថន័យរៀបរាប់ពីរឿងរ៉ាវនៅលើគ្រែជាមួយមនុស្សស្រី។ ជាការកត់​សម្គាល់ បន្ទាប់ពីបទនេះត្រូវបានបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមយូធូប មិនទាន់បានមួយដង្ហើមចង្រិតផង តារាចម្រៀងលោក ថេណា ក៏ស្រាប់តែរងព្រនង់រិះគន់របស់មហាជនមិនសំចៃមាត់ ដោយក្នុងនោះក៏មានការស្នើឲ្យក្រសួង ត្រូវចាត់វិធានការក្តៅលើតារាចម្រៀងលោក ថេណា ផងដែរ។

ដោយឡែកអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ក៏បានប្រតិកម្មលើរឿងនេះផងនោះ។ បើចាប់អារម្មណ៍​មកមើលខ្លឹមសាររបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា «ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន។ខ្លាំង​អស្ចារ្យណាស់ប្អូនប្រុស ដែលយករឿងលើគ្រែរបស់ប្អូននិងមនុស្សស្រី មកអួតជាសាធាណៈ ឱ្យគេដឹងថា ប្អូនពិតជាជាប់ចិត្ត និងពូកែនូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី។»

អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា «បងសូមសរសើរអូន ដែលក្លាហានរឿងបែបនេះ ជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និងសត្វឱ្យមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណៈនោះទេ ព្រោះជារឿងកេរ្តិ៍ខ្មាស់របស់មនុស្សទាំងបីភេទ។ ហើយអូន​មានគិតទេថា ទង្វើបែបនេះអ្នកម្តាយ និងបងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬដៃគូររួមភេទរបស់ពួកគាត់ លើកយកទង្វើរសកម្មភាពរួមភេទរបស់អ្នកទាំងនោះ មកនិយាយជាសាធារណៈវិញ តើអូនមានអារម្មណ៍បែបណា? បងសូមទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង។»

សូមបញ្ជាក់ថា ការផ្ទុះប្រតិកម្មរិះគន់ និងបង្ហាញការមិនពេញចិត្តលើតារាប្រុសលោក ថេណា របស់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកខាងលើនេះ បានកើតឡើងភ្លាមៗ ស្របពេលដែលតារាប្រុសរូបនេះ បានបញ្ចេញបទចម្រៀងរ៉េបរួមគ្នាជាមួយលោក YT មានចំណងជើងថា «អេម» ដែលអត្ថន័យចម្រៀងនេះបានបង្កប់អត្ថន័យហែកហួរមនុស្សស្រី រឿងឡើងលើគ្រែជាមួយគ្នាគួរឲ្យស្អប់ខ្ពើម៕