(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្លឹបកីឡា ប្រដាល់សកលជប៉ុនដ៏ធំមួយ គឺក្លឹប Motohashi Boxing Gym ដើម្បីធ្វើការអភិវឌ្ឍន៍ និងផ្លាស់ប្ដូរបទពិសោធន៍គ្នា។ ពិធីចុះ MOU នេះ បានធ្វើឡើងនៅទីស្នាក់ការ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី១០ ខែកុម្ភៈម្សិលមិញ ដោយមានការចូលរួមធ្វើជាសាក្សីពីលោក Yumi Susuki លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ មានរយៈពេល ៥ឆ្នាំ ហើយវាជាផលវិជ្ជមានមួយក្នុងកិច្ចអភិវឌ្ឍន៍កីឡាប្រដាល់សកលកម្ពុជា ស្របពេលកម្ពុជា កំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ ដូច្នេះក្រោយចុះ MOU ជាមួយគ្នា សហព័ន្ធនឹងរៀបចំគម្រោងបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅជប៉ុន ក្នុងពេលឆាប់ៗខាងមុខ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីននាចុងឆ្នាំ២០១៩ខាងមុខផងដែរ។

ទន្ទឹមជាមួយគ្នា លោក Motohashi Yukiharu ប្រធានក្លឹប Motohash iBoxing Gym ក៏បានសម្ដែងនូវការពេញចិត្ត និងរីករាយ ចំពោះការចាប់ដៃសហការជាមួយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយសារលោកសម្លឹងធនធាន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយលោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចុះ MOU នេះ នឹងធ្វើឲ្យភាគីទាំងពីរ មានឱកាសអភិវឌ្ឍន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ពិសេសគឺលោកចង់រួមចំណែកជាមួយកម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ តែម្ដង។

គួរបញ្ជាក់ថា បន្ទាប់ពីចុះ MOU ចងសម្ព័ន្ធភាពជាមួយគ្នា ក្លឹប Motohashi Boxing Gym ក៏បានផ្ដល់ប្រាក់ឧបត្ថម្ភ ២,០០០ដុល្លារ សម្រាប់ជួសជុលសង្វៀនហ្វឹកហាត់ រួមទាំងសម្ភារៈហ្វឹកហាត់មួយចំនួនធំដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាផងដែរ៕