(ភ្នំពេញ)៖ កីឡារកគុនខ្មែរ ឡៅ ចិត្រា ត្រូវតទល់ជាមួយអ្នកខ្លាំងកីឡាករ Superlek នៅសង្វៀន ONE Championship នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទឹកដីថៃ។

អ្នកប្រដាល់គុនខ្មែរ មានដើមកំណើតក្នុងខេត្តកំពង់ស្ពឺបានឲ្យដឹងថា ការប្រកួតបើមើលទៅលើដៃគូប្រកួតល្អត្រង់ក្បាច់ទាត់ គឺមានទម្ងន់ធ្ងន់ ហើយជាកីឡាករមានបទពិសោធន៍ច្រើន ហើយការជួបអ្នកប្រដាល់កម្រិត A ថៃ បើនិយាយពីក្បួនក្បាច់ប្រយុទ្ធរបស់អ្នកលេងគុនខ្មែរ ក្នុងការតទល់នឹងក្បាច់ទាត់ធ្ងន់ៗរបស់ Superlek គឺរូបគេត្រូវចូលកៀក ប៉ុន្តែចំណុចនេះមិនទាន់អាចធានាថា អាចបានល្អទាំងស្រុងឡើយ គឺត្រូវរង់ចាំមើលស្ថានភាពជាក់ស្ដែង។

ការប្រកួតជាមួយអ្នកមានចំណុចល្អច្រើនបែបនេះ មិនបានធ្វើឲ្យគេបាក់ទឹកចិត្តនោះទេ ផ្ទុយទៅវិញអ្នកប្រយុទ្ធគុនខ្មែរ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ទាំងការហ្វឹកហាត់ និងការប្រកួត ដើម្បីទទួលបានជ័យជម្នះ និងជាមុខមាត់ប្រទេសជាតិ។

ឡៅ ចិត្រា បានបន្តថា មិនហ៊ានរំពឹងខ្ពស់ក្នុងការយកឈ្នះដៃគូប្រកួត ដែលមានកម្រិតខ្ពស់មួយនេះឡើយ ប៉ុន្តែគេនឹងប្ដូរ ប្រសិនបើឈ្នះការប្រកួតនេះ នោះនឹងធ្វើឲ្យគុនខ្មែរកាន់តែមានភាពល្បីឈ្មោះខ្លាំងជាងមុនលើឆាកអន្តរជាតិ។

គួរបញ្ជាក់ផងថា កីឡាករ ឡៅ ចិត្រា និងកីឡាការិនី នៅ ស្រីពៅ ត្រូវជាបេក្ខភាពប្រកួតតំណាងឲ្យក្លឹប Cambodian Top Team របស់កម្ពុជា ដែលត្រូវទៅប្រកួតក្នុងកម្មវិធី ONE Championship នាពេលខាងមុខឆាប់ៗនេះ៕