(ភ្នំពេញ)៖ អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី បានប្រាប់នាពេលថ្មីៗនេះ អំពីបញ្ហារបួសប្រេះឆ្អឹងដៃឆ្វេង ដែលបានញាំញី​ក្នុងអាជីពបាល់ទាត់របស់គេតាំងពីខែកញ្ញា ឆ្នាំ២០១៨ កន្លងមកទល់ពេលនេះថានៅ មានអារម្មណ៍ញញើតក្នុងការចាប់បាល់នៅឡើយ បើទោះបានចូលហ្វឹកហាត់ឡើងវិញនាចុងខែធ្នូទៅហើយក្តី។

ស៊ូ យ៉ាទី បានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពេលក្រុម Cambodia All Star បានយកឈ្នះក្រុមរបស់លីគថៃ Muangthong United ដោយលទ្ធផល ២-១។

អ្នកចាំទីក្រុមណាហ្គាវើលក្នុងលីគកំពូលកម្ពុជារូបនេះបានប្រាប់ថា «របួសសឹងជា ១០០ភាគរយទៅហើយ ប៉ុន្តែដោយសារយើងធ្លាប់របួសអញ្ចឹង យើងចេះតែមានអារម្មណ៍មួយស្រៀវៗ ខ្លាចៗ បារម្ភក្រែងត្រូវរបួសចាស់ហ្នឹងម្ដងទៀត។ រាល់ពេលហាត់ ឬប្រកួតអីហ្នឹង ខ្ញុំប្រយ័ត្នខ្លាំងដែរ ទាំងការរុំដៃឲ្យបានល្អ និងការពារខ្លួនពេលគេទាត់ម្ដងៗ»

ស៊ូ យ៉ាទី បានរងរបួសប្រេះឆ្អឹងប្រអប់ដៃឆ្វេងក្នុងជំនួបបិទរដូវកាលរវាងណាហ្គាវើល និងវិសាខា នាខែកញ្ញាឆ្នាំទៅ ហើយរូបគេបាត់បង់​ឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018 ផងដែរ។

កីឡាករចាំទីធ្លាប់ឈ្នះពានសម្ដេចតេជោ ១លើក និងពានលីគកំពូលកម្ពុជា ៤លើករូបនេះ បានអះអាងថា នឹងព្យាយាមសម្រួលផ្លូវចិត្តឲ្យបានប្រសើរ ដើម្បីជាទំនុកចិត្តក្នុងការបង្ហាញខ្លួនលើទីលានឲ្យបានទាន់ការប្រកួត លីគកំពូលឆ្នាំ២០១៩នេះ៕