(ថៃ)៖ ទស្សនិកជនជាច្រើន បានសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ពេលតារាសម្តែងប្រុសស្រីល្បីៗឈ្មោះរបស់ថៃ ចំនួនពីរដួង គឺលោក Jes Jespipat និងកញ្ញា Vill Wannarot បានប្រកាសជាសាធារណៈថា អ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា រយៈពេលមួយខែហើយ តែមិនទាន់ប្រើពាក្យថា ជាសង្សារ ឬអ្វីផ្សេងឡើង ដោយអ្នកទាំងពីរ មិនចង់ឱ្យ ទស្សនិកជនគិតថា ស្រឡាញ់គ្នា មកពីសម្តែងរឿងជាមួយគ្នា។

ការលើកឡើងបែបនេះ គឺបន្ទាប់ពីតារាប្រុសលោក Jes Jespipat បានបង្ហើបប្រាប់អ្នកកាសែត ក្នុងបទសម្ភាសន៍មួយ អំពីទំនាក់ទំនងលោក និង Vill Wannarot ថា «តាមពិតទៅយើងស្គាល់គ្នាយូរហើយ ហើយក៏ជួបគ្នានៅស្ថានីយ៍ទូរទស្សន៍ក៏ញឹកញាប់ដែរ គ្រាន់តែកាលពីមុនម្នាក់ៗសុទ្ធតែមានម្ចាស់បេះដូងរៀងៗខ្លួន។ សម្រាប់ទំនាក់ទំនងខ្ញុំ និង Vill ពេលនេះចាប់ផ្ដើមបាន ១ខែហើយ ប៉ុន្តែនៅមិនទាន់ប្រើពាក្យថាសង្សារនៅឡើយទេ»

លោក Jes បានបន្តថា «ខ្ញុំមិនចង់ឲ្យគ្រប់គ្នាគិតថាពួកយើងស្រលាញ់ ដោយសារតែការសម្តែងរឿងជាមួយគ្នានោះទេ គឺខ្ញុំបានបែងចែកច្បាស់រវាងការងារ និងជីវិតពិត។ ចំណែកម៉ាក់របស់ខ្ញុំ គាត់ក៏បានដឹងដែរ ថាពួកយើងទំនាក់ទំនងជាមួយនឹងគ្នា ហើយគាត់ក៏បានធ្លាប់ជួប Vill នៅកន្លែងថតច្រើនដងដែរផង»

ជាមួយនឹងការទម្លាយប្រាប់បែបនេះ ទស្សនិកជនបានសម្តែងនូវក្តីរីករាយគ្រប់គ្នា និងនាំគ្នាអបអរសាទរ ចំពោះគូស្នេហ៍ថ្មីថ្មោងមួយគូនេះ ដោយជានិច្ចកាលទស្សនិកជនតែងតែឃើញ អ្នកទាំងពីរបង្ហាញភាពស្និតស្នាលនឹងគ្នាយ៉ាងខ្លាំង បើទោះបីជាទើបទាក់ទាក់គ្នារយៈ១ខែក្តី។ លើសពីរនេះ ក៏មានពាក្យជូនពរជាច្រើនដែរ ឱ្យតារាប្រុសស្រីទាំងពីរ ជោគជ័យក្នុងការកសាងជីវិតស្នេហាជាមួយគ្នា៕