(កូរ៉េ)៖ IU មិនត្រឹមតែជាតារាចម្រៀងស្រី ដែលធ្វើឲ្យអ្នកគាំទ្រស្រឡាញ់នូវទឹកដមសម្លេងរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់នាង ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីពួកគេផងដែរ ហើយពេលនេះក្រុមអ្នកគាំទ្របានទាមទារឲ្យនាង ចេញផ្សាយជាផ្លូវការនូវបទចម្រៀងចំនួន ៤ ដែលនាងនិពន្ធដោយផ្ទាល់ទៀតផង។

នេះជាចំណងជើងនៃបទចម្រៀងអាថ៌កំបាំងទាំង ៤ ដែលអ្នកគាំទ្រកំពុងស្នើសុំឲ្យ IU បញ្ចេញលក់នៅលើទីផ្សារ៖

១. «You» IU និពន្ធបទចម្រៀងនេះជាលើកដំបូងនៅក្នុងក្លឹបអ្នកគាំទ្រ ហើយក៏ជាបទមួយដែលតារាស្រីរូបនេះចង់និពន្ធ សម្រាប់មិត្តល្អបំផុតរបស់នាងគឺ Yoo In Na ។

២. «Drama» បទចម្រៀងនេះទទួលបានការគាំទ្រខ្លាំង ដែលលេចឮពាក្យចចាមអារ៉ាមថា វាអាចនឹងចេញនៅក្នុងអាល់ប៊ុមផ្លូវការបន្ទាប់របស់ IU។

៣. «Bus Stop» ជាបទចម្រៀងដែល IU សរសេរអំពីតួអង្គ Lee Ji An នៅក្នុងរឿង My Mister ដែលនាងសម្តែង។

៤. «Dream of a Fried Egg» បទចម្រៀងនេះត្រូវបានផ្តល់ឲ្យ IU ដោយ Chanhyuk តន្ត្រីករ Akdong ហើយនាងបានលើកយកបទនេះមកច្រៀង នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីមួយសម្រាប់អ្នកគាំទ្រទៀតផង។

ទោះជាយ៉ាងណា បទចម្រៀងទាំង ៤ នេះ នៅមិនទាន់ចេញផ្សាយជាផ្លូវការទេ ធ្វើឲ្យអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារ៕