(ភ្នំពេញ)៖ តារាចំណូលថ្មី កំពុងមានទីផ្សារថតខ្សែភាពយន្តជាប់ៗគ្នា យ៉ាងត្រសង កញ្ញា នូ យូរី ត្រូវបានអ្នករួមអាជីព និងទស្សនិកជនសម្គាល់ឃើញថា នាងមានភាពល្បីល្បាញគួរឱ្យកត់សម្គាល់ បើទោះបីជា ទើបចូលប្រឡូកក្នុងវិស័យនេះក្តី។ យ៉ាងណាមិញ ថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ក្រៅពីប្រាប់ដល់ទស្សនិកជនពីជីវិតការងារ នាងបានបង្ហាញបន្ថែមថា បច្ចុប្បន្ននាងមានគូស្នេហ៍រួចហើយ ជាអនិកជនខ្មែរ កំពុងធ្វើជំនួញនៅ New Zealand ខណៈការបង្ហើបប្រាប់បែបនេះ ហាក់ធ្វើឱ្យបុរសៗ ដែលតាមស្រឡាញ់នាង កន្លងមកអស់សង្ឃឹមលែងហ៊ានប្រាថ្នា។

ជាក់ស្តែង តាមរយៈការសាកសួររបស់ពីធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ពាក់ព័ន្ធនឹងជីវិតសិល្បៈ ក៏ដូចជាការងារផ្ទាល់ខ្លួនផ្សេងៗ កញ្ញា នូ យូរី បានបង្ហើបថា បើគិតមកទល់នឹងបច្ចុប្បន្ននេះ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈជិតមួយឆ្នាំមក ដោយខ្សែភាពយន្តសរុបដែល នាងបានចូលរួមសម្តែង គឺមាន៣រឿងហើយ ខណៈរឿងទី១ ដែលនាងសម្តែងគឺមានចំណងជើងថា «វិញ្ញាណម្ចាស់ព្រែក» របស់ CTN និងរឿងពីរផ្សេងទៀត។ នាងថា ក្នុងចំណោមខ្សែភាពយន្តទាំង៣នោះ មានមួយរឿងសម្តែងជាតួស្លូត និងពីរទៀត ជាតួកាចឆ្នាស់។

ទន្ទឹមគ្នានេះ បើទោះបីជា មើលទៅរូបសម្រស់ស្រស់សោភា រាងសិចស៊ី ដងខ្លួនទាក់ទាញ ក៏ពិតមែន តែតាំងពីចូលសិល្បៈមក នាងមិនផលិតកររូបណា ទាក់ទងនាងឱ្យថតរឿងសិចស៊ីនោះទេ ខណៈនិយាយដល់ចំណុចនេះ យូរី បានបង្ហើបថា ប្រសិនបើមានផលិតករទាក់ទងមកឱ្យនាងសម្តែងជាតួសិចស៊ីនាង ហ៊ានទទួល តែសុំមើលសាច់រឿងសិន ព្រោះសិចស៊ីល្មមបាន តែបើខ្លាំង គឺមិនទទួលនោះទេ។ នាងថា ក្រៅពីការងារសិល្បៈ អ្វីដែលនាង អាចរកចំណូលបានបន្ថែមនោះ គឺលក់សម្លៀកបំពាក់តាមអនឡាញ ដោយនាំចូលពីប្រទេសថៃ តែចំណូលទាំងនេះ ហាក់មិនអាចផ្គត់ផ្គង់ ការចំណាយរបស់នាង​បានទេ ព្រោះជានិច្ចកាល នាងតែងតែចេញទៅកំសាន្តនៅបរទេស ដោយចំណាយដើរលេងម្តងៗ រហូតដល់ទៅ ៤ ទៅ ៥ពាន់ដុល្លារក៏មាន ខណៈចំណូលផ្ទាល់ខ្លួន បានត្រឹមតែ ២ទៅ ៣ពាន់ ប៉ុណ្ណោះ។

និយាយដល់ចំណុចនេះ នាងបង្ហើបថា ក៏មានការជូនឧបត្ថមបន្តិចបន្តួចពីគូស្នេហ៍ដែរ ព្រោះបច្ចុប្បន្ននាងមានគូស្នេហ៍ហើយ គឺជាអនិកជនខ្មែរ កំពុងធ្វើជំនួញនៅ New Zealand។ ការបង្ហើបថា ខ្លួនមានម្ចាស់បេះដូងរួចហើយ ពីសំណាក់ នូ យូរី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ពេលនេះ បានធ្វើឱ្យបុរស ដែលតាមចង់ស្ពានមេត្រីជាមួយនាង មិនតិចនាក់នោះទេ កំពុងអស់សង្ឃឹម តែយ៉ាងណានាងថា មិនខ្វល់នោះទេ​ គេស្រឡាញ់ចូលចិត្តជារឿងធម្មតា សំខាន់នាង និងគូស្នេហ៍ស្រឡាញ់គ្នា យល់ចិត្តថ្លើមគ្នា ព្រោះចំណងស្នេហ៍របស់នាង និងគូស្នេហ៍ គឺមានរយៈពេល ៥ឆ្នាំមកហើយ។

ដើម្បីឱ្យជ្រាប់កាន់តែច្បាស់ថា នូ យូរី និយាយអ្វីខ្លៈ សូមទស្សនាវីដេអូខាងក្រោម៖