(ភ្នំពេញ)៖ ជាការពិត ថ្មីៗនេះ មានការចែករំលែកតៗគ្នា យ៉ាងច្រើននូវរូបភាព ក៏ដូចជាព័ត៌មាន របស់តារាចម្រៀងខ្មែរសុរិន្ទមួយរូប គឺលោក ឃុង ឃុយមានឈ្មោះដើម​គង់​មីឆ័យ (គង់ មានជ័យ) ដោយភ្ជាប់ជាមួយដំណឹងមួយថា លោកបានឈរឈ្មោះជាតំណាងរាស្រ្តគណបក្សជា រួមកម្លាំងសាងជាតិ បេក្ខជនប្រចាំមណ្ឌល៧ខេត្តសុរិន្ទ្រ សម្រាប់ការបោះឆ្នោតនៅប្រទេសថៃ ដែលគ្រោងនឹងប្រព្រឹត្ត​ទៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។

ទន្ទឹមនឹងដំណឹងនេះ គេឃើញថា អ្នកស្រី ចេន សាយចៃ ដែលជាដៃគូចម្រៀង ជាមួយលោក ឃុង ឃុយ ក៏បានបង្ហោះសារជូនពរដល់លោកថា «ជូនពរបងប្រុស​ ឃុង​ ឃុយ​ តារាចម្រៀងប្រចាំផលិតកម្ម​ ថោន​ ហើយបានឈរ​ ឈ្មោះជាតំណាងរាស្រ្ត​ នៅខេត្តសុរិន្ទ របស់គណបក្ស ​ រួមកម្លាំងសាងជាតិ នៅក្នុងប្រទេសថៃ...ជូនពរបង​ឱ្យទទួលបានជោគជយ័​ ក្នុងការបោះឆ្នោតនៅប្រទេសថៃ​ នាពេលខាងមុខ...»

គួរជម្រាប់ថា លោក ឃុង ឃុត ម្ចាស់បទ «មេលេខមួយ » ទន្ទឹមនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការច្រៀងចម្រៀងហើយនោះ លោកក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ និងបានចូលរួមនៅក្នុងការជួយកិច្ចការងាសង្គមជាច្រើន ទាំងក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសថៃផងដែរ។ ទាំងនេះបានធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនថៃ នៅក្នុងខេត្តសុរិន្ទទាំងអស់ គោរពស្រលាញ់លោកគ្រប់ៗគ្នា ។ ប្រហែលជាដោយសារតែមានការគាំទ្រគោរពស្រឡាញ់ ពីសំណាក់ប្រជាជនសុរិន្ទយ៉ាងច្រើនកុះករនេះហើយ ទើបធ្វើឱ្យលោក ឃុង ឃុយ បានសម្រេចចិត្តឈរឈ្មោះជាតំណាងរាស្ត្រប្រចាំខេត្តសុរិន្ទ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ របស់ប្រទេសថៃខាងមុខនេះ៕