(ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជាកាលពីព្រឹកមិញ នៅល្ងាចថ្ងៃដដែលនេះ ក្រុមបាល់ទាត់ SCG Muangthong United បានចូលរួមកម្មវិធី Kit and Share By SCG របស់ក្រុមហ៊ុន SCG ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសបាល់ទាត់ដល់ក្មេងៗប្រមាណ ២០០នាក់ នៅពហុកីឡដ្ឋានជាតិ មុនប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុម Cambodia All Stars នាល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្អែក។

ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កម្មវិធីខាងលើ បានអញ្ជើញកុមារមកពីកន្លែងផ្សេងៗគ្នាប្រមាណ ២០០នាក់ចូលរួម ក្រោមការបង្ហាត់បង្ហាញរបស់គ្រូបង្វឹក និងកីឡាករសំខាន់ៗរបស់ក្លឹប SCG Muangthong United។ មិនតែប៉ុណ្ណោះ ក្រោយចប់កម្មវិធី កុមារចូលរួមទាំងអស់ ក៏ទទួលបាននូវសម្ភារៈកីឡាបាល់ទាត់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងការហ្វឹកហាត់ផងដែរ។

លោក ពង់ថាណា ដេវីតាយ៉ាផន នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន SCG ប្រចាំកម្ពុជាបានពន្យល់ថា កម្មវិធីនេះ គឺជាផ្នែកមួយនៃកម្មវិធី SCG Muangthong United ASEAN Tour 2019 ដើម្បីរួមចំណែកផ្ដល់នូវជំនាញក្នុងការលេងបាល់ទាត់ សម្រាប់យុវជនកម្ពុជា និងផ្ដល់ជាកម្លាំងចិត្តដល់ពួកគេ ក្នុងការសម្រេចនូវក្ដីសុបិនផ្នែកកីឡាបាល់ទាត់ ក៏ដូចជាលើកទឹកចិត្តឲ្យពួកគេចូលរួមក្នុងសកម្មភាពកីឡានេះដែរ។

លោកបន្ដថា «កីឡា និងការកម្សាន្ដ គឺជាផ្នែកមួយដ៏មានតម្លៃក្នុងជីវិត។ មូលហេតុនេះហើយ ទើបបានជាយើងផ្ដួចផ្ដើមនូវគម្រោងជាច្រើន រាប់បញ្ចូលទាំងគម្រោង Kit and Share By SCG នេះ ដើម្បីនាំមកនូវអនាគតកាន់តែភ្លឺស្វាង សម្រាប់ប្រជាជន ដែលរស់នៅក្នុងប្រទេស ដែលមានក្រុមហ៊ុនប្រតិបត្តិការ។ យើងសង្ឃឹមថា កម្មវិធីនេះ នឹងជំរុញលើកទឹកចិត្តកុមារឲ្យចូលរួមក្នុងការលេងកីឡា ហើយក្លាយជាតារាបាល់ទាត់របស់កម្ពុជានាពេលអនាគត»

គួរបញ្ជាក់ថា បន្ទាប់ពីចូលរួមកម្មវិធីសប្បុរសធម៌នេះ ក្រុម Muangthong United នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះ Cambodia All Stars នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៩ ខែកុម្ភៈស្អែក នៅលើទីលានពហុកីឡដ្ឋានជាតិ។ នេះគឺជាការប្រកួតលើកទី៣ រវាងក្រុមទាំងពីរ ខណៈជូបគ្នា ២លើកមុន ក្រុម Cambodia All Stars បានទទួលជ័យជម្នះ ៤-៣ ក្នុងជំនួបលើកដំបូង តែត្រូវក្រុមខ្លាំងថៃ Muangthong យកឈ្នះ ៤-០ ក្នុងជំនួបមិត្តភាពលើកទី២៕