(ភ្នំពេញ)៖ កញ្ញា នូ យូរី គឺជាតារាចំណូលថ្មីមួយដួង ទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់ផលិករ និងក្រុមហ៊ុននានា ទាក់ទងថតស្ពតពាណិជ្ជកម្ម និងសម្តែងរឿង ដោយសារតែតារស្រីដួងនេះ មានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ រាងខ្ពស់ស្រឡះ ទឹកមុខមានមន្តស្នេហ៍។ យ៉ាងណាមិញ នាងត្រូវបានគេដឹងថា ទោះចំណូលពីសិល្បៈ មិនបានក្រាស់ក្រែលក៏ពិតមែន តែបើក្រឡែកទៅមើលជីវិតរស់នៅរបស់នាង គឺមិនធម្មតានោះទេ និយាយឱ្យចំគឺ បែបហាយសូរ ប្រើរបស់ Brand ជាដើម។ តើការចំណាយដ៏ច្រើនទាំងនេះ នរណាជាអ្នកផ្តល់ឱ្យនាង? នូ យូរី នឹងមកបង្ហាញប្រាប់ទស្សនិកជន ក្នុង កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការពិតកញ្ញា នូ យូរី ជាតារាសម្តែងពន្លកថ្មីមួយដួង ដែលត្រូវបានគេសង្កេតឃើញថា មានសមត្ថភាពក្នុងការសម្តែងយ៉ាងប៉ិនប្រសព្វ និងរូបសម្រស់ស្រស់ស្អាត ស៊ិចស៊ីគួរឲ្យគយគន។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានគេដឹងថា បានចូលរួមសម្តែងរឿងជាច្រើន ក្នុងនោះមានដូចជារឿង «វិញ្ញាណម្ចាស់ព្រែក» របស់ទូរទស្សន៍ CTN, រឿងទី២ «ភរិយាឥតខាន់ស្លា» របស់ទូរទស្សន៍ Bayon និងរឿង «ភរិយាសម័យថ្មី» PNN ដោយនាងបានសម្តែង ជាតួអង្គសំខាន់ៗ នៅក្នុងរឿងភាគទាំង៣នេះ ដែលនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ។

ដោយឡែកសម្រាប់ជីវិតឯកជនរបស់នាងវិញ ទស្សនិកជនកំពុងកើតជាការសង្ស័យថា ប្រហែលជាតារាស្រីរូបនេះ មានកំលោះណាម្នាក់ ផ្គត់ផ្គង់ពីក្រោយពុំខាន ព្រោះមិនត្រឹមតែមាន របស់ម៉ាក់ល្បីប្រើរាប់មិនអស់នោះទេ ថែមទាំងឧស្សាហ៍ធ្វើដំណើរកំសាន្ត ទៅបរទេសទៀតផង។ ដូច្នេះដើម្បីឱ្យទស្សនិកជនជ្រាប់កាន់តែច្បាស់ នាងនឹង ចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដើម្បីបកស្រាយដល់ទស្សនិកជន។

កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងដដែល៕