(ភ្នំពេញ)៖ លោក ឆឹម សក្កដា ត្រូវបានមហាជនសង្កេតឃើញថា ដើមឆ្នាំ២០១៩នេះ ទីផ្សារសិល្បៈរបស់លោក មានសន្ទុះខ្លាំង គួរឲ្យកត់សម្គាល់ ទាំងការថតស្ពតពាណិជ្ជកម្ម និងកម្មវិធីសិល្បៈតូចធំនានា ជាពិសេសកាក់កបខ្លាំង លើផ្នែកសម្តែងភាពយន្តតែម្តង។ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ បន្ទាប់ពីទទួលបានតំណែងជាតួអង្គសំខាន់ ក្នុងខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្មហង្សមាសរឿង «កូនពស់កេងកង» ហើយនោះ ថ្មីៗនេះ លោកត្រូវបានគេឃើញថា មានវត្តមានក្នុងរឿងដុំខ្នាតធំ បែបរន្ធត់ ព្រឺព្រួច មួយទៀតហើយ ​សម្តែងជាតួអង្គសំខាន់ដូចគ្នា គឺរឿង «ទារុណកម្មខ្មោច» ដែលនឹងដាក់បញ្ចាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ។

តាមរយៈខ្សែភាពយន្តខ្នាតធំ ​មានចំណងជើងថា «ទារុណកម្មខ្មោច» នេះ បុរសសង្ហារ ឆឹម សក្កដា កំពុងតែបង្កើតនូវភាពទាក់ទាញខ្លាំង ដល់ទស្សនិកជនឲ្យអន្ទះសារចង់ទស្សនាឆាប់ៗ នូវខ្សែភាពយន្តមួយនេះ ទាំងការសម្តែងយ៉ាងប៉ិនប្រសព្វ ការចូលតួបានយ៉ាងល្អ រួមជាមួយនឹងសាច់រឿងប្រទាក់ក្រឡាគ្នា បែបរន្ធត់ មានខ្មោចលងសាហាវៗ គួរឲ្យចាប់អារម្មណ៍ខ្លាំង ដែលជាស្នាដៃនិពន្ធ និងដឹកនាំដោយ​លោក ហ៊ុយ យ៉ាឡេង ផលិតកម្ម «មាតុចក្រហ្វីលម៍» រួមសហការជាមួយផលិតកម្មសិល្បៈភាពយន្តខ្មែរ។ អ្វីដែលពិសេស គ្រាន់តែទស្សនាវីដេអូ Trailer លោក ឆឹម សក្កដា ត្រូវសម្តែងជាតួអង្គ ដែលត្រូវប្រឈមមុខ នឹងរឿងរ៉ាវជាច្រើន ដោយមានលាយឡំឈុតឆាករន្ធត់ញាប់ញ័រ ស្ទើរលោះព្រលឹង បែបខ្មោចព្រាយបិសាច ធ្វើឲ្យទស្សនិកជន ជាពិសេសយុវវ័យ​ស្លុងចិត្ត ដេកមិនលក់គ្រប់គ្នា​។

បើគេ​ចាំមិនភ្លេចទេ លោក ឆឹម សក្កដា បានទទួលការគាំទ្រខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈស្នាដៃសម្តែងរឿងខ្នាតធំថ្មីៗ ជាបន្តបន្ទាប់ ក្នុងប្រភេទតួអង្គផ្សេងៗពីគ្នា ​ជាហេតុធ្វើឲ្យ ទីផ្សារសិល្បៈឡើងកូដខ្លាំង ក្នុងវិស័យភាពយន្ត។ ក្នុងនោះ រឿងដែលលោក​សម្តែង ហើយមានសន្ទុះគាំទ្រច្រើន មានដូចជា​ រឿងភាគទូរទស្សន៍ ដូចជាក្នុងរឿង «ប្រអប់សំបុត្រចោលទុក្ខ», រឿង «កូនពស់កេងកង» និងរឿង «ទារុណកម្មខ្មោច» ដែលកំពុងតែអន្ទងចិត្តប្រិយមិត្តឲ្យចង់ទស្សនាគ្រប់គ្នា ខណៈរឿងនេះគ្រោងដាក់បញ្ចាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុននេះ។

តាមរយៈនេះ លោក ឆឹម សក្កដា ក៏បានអំពាវនាវទស្សនិកជនរបស់ខ្លួន ឲ្យចូលរួមទស្សនាភាពយន្តខ្នាតធំរឿង «ទារុណកម្មខោ្មច» ​ឲ្យបានគ្រប់ៗគ្នាផង ដោយលោកបានបង្ហោះសារថា​ «សង្ឃឹមថាបានជួបហ្វេនៗ នៅរោងភាពយន្ដ! គាំទ្ររឿងខ្មែរ ស៊ែរមួយណា»

គួរជម្រាបថា លោក ឆឹម សក្កដា គឺជាតារាប្រុសមួយដួង ក្នុងចំណោមតារាប្រុសល្បីៗជួរមុខ របស់កម្ពុជានាពេលបច្ចុប្បន្ន។ លើសពីនេះ លោក ឆឹម សក្ដដា ក៏កំពុងតែមានចំណងស្នេហ៍ យ៉ាងស្អិតល្មួត ជាមួយនឹងតារាចម្រៀងស្រីជួរមុខ គឺអ្នកនាង ពេជ្រ សោភា រហូតយល់ចិត្តថ្លើមគ្នា ចាស់ទុំដឹងឮ និងកំពុងត្រៀមដើម្បីរកថ្ងៃ​ ​ឬវេលាសមគួរណាមួយ ឲ្យពួកគេក្រាប​ផ្ទឹមរៀបការទៀតផង៕