(ភ្នំពេញ)៖ លោក នូស៊ិប តារាចម្រៀងសំលេងក្រអួនក្រអៅ ដែលកំពុងមានជំងឺសំរានលើកន្ទេល ហើយដោយមើលឃើញពីការអាណិតអាសូរ រួមទាំងជួបជីវភាពខ្វះខាត អំឡុងពេលសព្វថ្ងៃក៏កំពុងមានជំងឺប្រចាំកាយផងនោះ តារាប្រុសវីជេ ដាដា កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ម្សិលមិញ បាននាំយកថវិការផ្ទាល់ខ្លួន និងសប្បុរសជនមួយចំនួនទៅឧបត្ថម្ភជូនដល់តារាជើងចាស់លោកគ្រូ នូស៊ិប ដល់បន្ទប់ផ្ទះជួល។

បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់តារាសម្តែង និងពិធីករប្រុសវីជេ ដាដា បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលអាណិតលោកគ្រូ នូស៊ិប ដូច្នេះថា ក្នុងនាមខ្ញុំជាសិល្បករមួយរូបពិតជាសប្បាយចិត្តណាស់ ដែលបាននាំយកថវិការខ្លះៗមកជួយសម្រាលជីភាពខ្វះខាតប្រចាំថ្ងៃរបស់លោក គ្រូ នូស៊ិប​ ពេលទៅដល់ទីនោះពិតជាអាណិតលោកគ្រូណាស់ រស់នៅក្នុងផ្ទះជួលដល់តូចចង្អៀត ដំបូលប្រកស័ង្កសីក្ដៅហែង រួមផ្សំនិងជំងឺប្រចាំកាយជាច្រើនមុខរបស់លោកគ្រូទៀត។

តារាប្រុសវីជេ ដាដា បានរៀបរាប់បន្ថែមទៀតថាថវិកា ដែលបាននាំយកទៅជួនលោកគ្រូ នូស៊ិប គឺមានចំនួនជាង ៣០០ដុល្លារ។ខ្ញុំសូម​អគុណម្ចាស់ជំនួយមាន៖ បងប្រុស ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យចំនួន ១០០ដុល្លារ, លោក Kheam Panha ១០០ដុល្លារ, បងប្រុសយុន ៥០ដុល្លារ, អ្នកនាង ម៉ារ៉ាឌី ២៥ដុល្លារ, បងស្រីម្ចាស់សំអាងកាហេងមានលាភ ២៥ដុល្លារ និងថវិកាផ្ទាល់ខ្លួនខ្ញុំខ្លះទៀត។

ជាមួយគ្នានេះ បើតាមការបញ្ជាក់បន្ថែមរបស់តារាប្រុសវីជេ ដាដា បានលើកឡើងថា លោកគ្រូ នូស៊ិប បច្ចុប្បន្នកំពុងតែស្នាក់នៅបន្ទប់ជួលតូចចង្អៀត មានទីតាំងស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ លោកគ្រូ នូស៊ិប សព្វថ្ងៃមានជំងឺជាច្រើនដែលត្រូវការព្យាបាល តាមរយៈការលេបថ្នាំ ដោយឡែកសម្រាប់អាជីពសិល្បៈរបស់គាត់ហាក់កំពុងត្រូវបានបាត់បង់សមត្ថភាព ព្រោះតែមានវ័យចំណាស់និងមានជំងឺប្រចាំកាយផងនោះ៕