(ថៃ)៖ ជាការពិត តារាសម្តែងស្រីជួរមុខរបស់ថៃ គឺកញ្ញា យ៉ាយ៉ា បច្ចុប្បន្នកំពុងមានប្រជាប្រិយភាព និងមានការមមាញឹកយ៉ាងខ្លាំង ទាំងការសម្តែងខ្សែភាពយន្ត និងដើរបង្ហាញម៉ូតឱ្យក្រុមហ៊ុននានា។​ ទន្ទឹមគ្នានេះ ប្រហែលជាធ្វើការច្រើនពេក លើសកម្លាំង នាងបានដួលសន្លប់ភ្លាមៗ ខណៈកំពុងថតរឿង ដែលបង្កឱ្យក្រុមការងារមានការភ័យឆោឡោ គ្រប់គ្នា និងធ្វើឱ្យទស្សនិកជនព្រួយបារម្ភ ពីសុខភាពនាងផងដែរ។

ជាការពិត តាមរយៈវីដេអូមួយ ដែលត្រូវបានអ្នកគាំទ្រ ធ្វើការចែករំលែកតៗគ្នា បានបង្ហាញថា យ៉ាយ៉ា បានដួលសន្លប់ ខណៈកំពុងថតរឿង ហើយក្នុងនោះ មានក្រុមការងារជាច្រើន បានមកជួយនាង។ ទោះយ៉ាងណា នាងបានខំហិតប្រេងខ្យល់ ដើម្បីឱ្យធូរស្បើយឡើងវិញ រួចបន្តការងាររហូតដល់ចប់ ខណៈការខិតខំប្រឹងប្រែង ដើម្បីការងាររបស់នាង បានធ្វើឲ្យមហាជនមានក្ដីអាណិតជាខ្លាំង ថាតារាស្រីរូបនេះពិតជាមានទំនួលខុសត្រូវដ៏ខ្ពស់ចំពោះការងារ បើទោះបីជាខ្លួនឈឺក៏ដោយ។

បើតាមការឱ្យដឹង ក្រោយពីបញ្ចប់ការងារថតរួចរាល់ តារាសម្តែងស្រី យ៉ាយ៉ា ត្រូវបានក្រុមគ្រួសារនាំទៅពិនិត្យសុខភាពនៅមន្ទីពេទ្យភ្លាមៗ តែយ៉ាងណា រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងនៅឡើយទេ ថាតារាស្រីរូបមានបញ្ហាអ្វី ដែលបណ្តាលឱ្យនាងដួលសន្លប់ គួរឱ្យអាណិតបែបនេះ៕