(កូរ៉េ)៖ ក្រុមអ្នកគាំទ្រជាច្រើនកំពុងតែបន្តលុបចោលការទិញសំបុត្រ ចូលទស្សនាការប្រគំតន្រ្តី «1st Solo Tour - The Great Seungri - Final in Seoul» របស់ Seungri សមាជិកក្រុម BIGBANG ដែលគ្រោងធ្វើនៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

ការប្រគំតន្រ្តីចុងក្រោយប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៧ ខែកុម្ភៈ នៅឯ Olympic Park ដែលព្រឹត្តិការណ៍ប្រគំតន្ត្រីនេះជាសកម្មភាពផ្លូវការលើកចុងក្រោយរបស់ Seungri មុនពេលចូលបម្រើកងទ័ព។ ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាយល់ថា ភាពចម្រូងចម្រាសជុំវិញរឿងអាស្រូវក្នុងក្លឹបកម្សាន្ត «Burning Sun» បានធ្វើឲ្យមនុស្សជាច្រើន លុបចោលការកក់សំបុត្ររបស់ពួកគេ។

នៅថ្ងៃទី៧ ខែកុម្ភៈនេះ ប្រភពមួយឲ្យដឹងថា កៅអីដែលនៅសល់មានចំនួន ៣៩៤ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ហើយការប្រគំតន្ត្រីនៅថ្ងៃទី១៧ ខែកុម្ភៈ មានកៅអីនៅសល់ចំនួន៤៥៤។ ក្រៅពីនេះ មនុស្សជាច្រើននាក់ទៀតកំពុងតែទាមទារឲ្យក្រុមហ៊ុនសងប្រាក់មកវិញ ពីការទិញសំបុត្រទៅទស្សនាការប្រគំតន្ត្រីនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកុម្ភៈ Seungri មានការបញ្ជាក់ថា Seungri មិននៅក្នុងក្លឹប «Burning Sun» ទេ អំឡុងពេលដែលអំពើហិង្សាបានកើតឡើង ហើយមនុស្សជាច្រើនបានទាមទារឲ្យតារាប្រុសរូបនេះ បំភ្លឺចំពោះរឿងអាស្រូវក្នុងក្លឹបកម្សាន្តនេះ ក្នុងនាមលោកជាអ្នកគ្រប់គ្រង «Burning Sun» ប៉ុន្តែ Seungri នៅតែបន្តស្ងៀមស្ងាត់ ខណៈនាយក YG លើកឡើងថា ប៉ូលីសកំពុងស៊ើបអង្កេតករណីនេះហើយ៕