(ដូហា)៖ ពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចេញតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ របស់ប្រទេសជាសមាជិកលើពិភពលោកក្នុងឆ្នាំ២០១៩នេះ ហើយអ្វីដែលចាប់អារម្មណ៍ គឺតារាងចំណាត់ថ្នាក់ FIFA Coca Cola World Ranking មានការប្រែប្រួល ចំពោះប្រទេសក្នុងតំបន់អាស៊ី គឺកាតា ដែលទើបបញ្ចប់បេសកកម្មការប្រកួតពាន់រង្វាន់ប្រចាំតំបន់អាស៊ី AFC Asian Cup 2019 ដែលការចេញផ្សាយនេះ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

សម្រាប់ប្រទេសកាតា ដែលជាម្ចាស់ជើងឯក AFC Asian Cup 2019 ជាលើកដំបូងនៅពេលនេះក្រុមរបស់ពួកគេបានឡើងចំណាត់ថ្នាក់លើតារាង FIFA ដែលឈរនៅលេខរៀងទី៥៥ យ៉ាងគួរឲ្យភ្ញាក់ផ្អើល គ្រាដែលកាលនៅឆ្នាំ២០១៨ កាតា ឈរចំណាត់ថ្នាក់លេខ៩៣ លើតារាង FIFA ដែលមានន័យថា ឡើង ៣៨លេងរៀង ហើយកាលពីឆ្នាំ២០១៨ កាតា មានពិន្ទុបាល់ទាត់ ត្រឹមតែ ១២៥៨ពិន្ទុ ប៉ុន្តែឆ្នាំ២០១៩នេះ គេបានបន្ថែមរហូតដល់ទៅ ១៣៩៨ពិន្ទុឯណោះ។

នេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៣ ដែលកាតា មានចំណាត់ថ្នាក់ល្អបែបនេះ។ ឆ្នាំ១៩៩៣ កាតា មានចំណាត់ថ្នាក់លេខ៥៤ ហើយបន្ទាប់ពីនោះមក ចំណាត់ថ្នាក់របស់ប្រទេសមួយនេះ ឡើងចុះៗដែលជាមធ្យមភាគគឺស្ថិតនៅត្រឹមលេខរៀងទី៨២ ហើយនៅឆ្នាំ២០១០ កាតា ធ្លាក់ចំណាត់ថ្នាក់យ៉ាងអាក្រក់បំផុត គឺរហូតដល់លេខ ១១២។

គួរបញ្ជាក់ផងថា កាតា ជាប្រទេសមហាសេដ្ឋីមួយ ដែលត្រូវធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 ជាលើកដំបូងខាងមុខ ហើយនៅក្នុងឆ្នាំ២០១៩ នេះ កាតា និងជប៉ុន ដែលប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡា Copa America នៃតំបន់អាមេរិកឡាទីន ជាមួយប្រទេសម្ចាស់តំបន់ ១០ផ្សេងទៀតដែរ៕