(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗ ពេលនេះគណៈកម្មការររៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា បានបញ្ជាក់ថា លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងកើនដល់ ១៤ក្រុម ហើយកម្មវិធីប្រកួតក៏ត្រូវបានពន្យាពេល ១សប្ដាហ៍ផងដែរ។

នេះគឺជាប្រវត្តិសាស្ដ្រថ្មីមួយ ក្នុងពិភពបាល់ទាត់កម្ពុជា ដែលលីគកំពូលមាន ១៤ក្រុមចូលរួម គឺច្រើនជាងឆ្នាំមុន បន្ទាប់ពីសហព័ន្ធសម្រេចបញ្ចូលក្រុមថ្មីៗចំនួន ៣ក្រុម លើក្លឹបឆ្នាំចាស់ចំនួន ១១ក្លឹប រួមមានក្រុមគិរីវង់សុខសែនជ័យ, ក្រុមបាល់ទាត់ខេត្តកំពង់ចាម និងក្រុមយុវជន U18 សាលាបាល់ទាត់ជាតិបាទី។ រីឯក្លឹបឆ្នាំមុន រួមមានក្លឹបណាហ្គាវើល, បឹងកេត, វិសាខា, ក្រសួងការពារជាតិ, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, អាស៊ីអឺរ៉ុប, អគ្គស្នងការដ្ឋាននគរបាលជាតិ, អង្គរថាយហ្គឺរ, សូលទីឡូអង្គរ និងក្លឹបអគ្គិសនីកម្ពុជា។

ទន្ទឹមនឹងការបន្ថែម ៣ក្រុម សម្រាប់រដូវកាលថ្មី ត្រូវបានមន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បញ្ជាក់ថា ដោយសារក្រុមគិរីវង់សុខសែនជ័យ សុទ្ធតែបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីលេងក្របខណ្ឌលីគកំពូល ខណៈការពិនិត្យជាក់ស្ដែងក៏ដូច្នោះដែរ។ ម្យ៉ាងក៏ព្រោះឆ្នាំមុន មិនមានការប្រកួតលីគទី២ ដែរ។ ឯក្រុម U18 បាទីវិញ ដោយសារសហព័ន្ធចង់បង្កើតឱកាសប្រកួតប្រជែងខ្លាំង ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបទពិសោធន៍ដល់ក្មេង ក្នុងទិសដៅត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ទើបសហព័ន្ធសម្រេចដាក់បញ្ចូលតែម្ដង។

សូមរំឮកថា ដំបូងឡើយ ក្រោយឆ្លងកាត់កិច្ចប្រជុំជាមួយក្លឹបសមាជិកលីគកំពូលកម្ពុជា CNCC ដែលទទួលបន្ទុករៀបចំពានធំៗនៅកម្ពុជា បានប្រកាសលីគកំពូលកម្ពុជា ឆ្នាំ២០១៩ គ្រោងបើកការប្រកួត នាថ្ងៃទី០៩ ខែមីនា តែក្រោយមានការសម្រេចដាក់បញ្ចូល ៣ក្រុមបន្ថែម បានធ្វើឲ្យកម្មវិធីប្រកួតមានការប្រែប្រួល ដោយការប្រកួតបើកឆាក នឹងធ្វើឡើង នាថ្ងៃទី១៦ ខែមីនាវិញ។ ប៉ុន្ដែចំពោះរូបមន្ដប្រកួតបែបណា នៅមិនទាន់មានការប្រកាសផ្លូវការពីសហព័ន្ធ ក៏ដូចជា CNCC នៅឡើយទេ៕