(ភ្នំពេញ)៖ ក្រោយពីជួយសង្គ្រោះជីវិតម្តាយ និងទារក តាមរយៈការជួយសម្រាល និងផ្តល់ជំនួយសប្បុរសធម៌ផ្សេងៗដល់ ស្រ្តីក្រីក្រម្នាក់ហើយនោះ កញ្ញា លឹម សុភាវី ហៅ លីលី ដែលជាតារាសម្តែងស្រីទើបរះ ហាក់ត្រូវបានទស្សនិកជនជាច្រើន ចាប់អារម្មណ៍ និងគាំទ្រនូវសកម្មភាពរបស់នាងគ្រប់គ្នា។ កត្តាទាំងនេះ ប្រៀបបាននឹងឪកាសមួយ ជួយឱ្យប្រជាប្រិយភាពរបស់នាងកើនឡើងមួយកម្រិតទៀត។ យ៉ាងណាមិញ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ក្រៅពីការងារសប្បុរសធម៌ នាងបានប្រាប់ដល់ទស្សនិកជន ពីរឿងស្នេហាផ្ទាល់ខ្លួនថា បច្ចុប្បន្នបេះដូងរបស់នាងនៅទំនេរស្អាត ក្រោយស្នេហាប្រះឆាស្នេហ៍មួយឆ្នាំរួចមក ខណៈពេលនេះនាង កំពុងតែស្ទាក់ស្ទើរថាគួរយកអ្នកថ្មីឬអត់ ព្រោះតែខ្លាចឈឺចាប់ និងមិនទាន់ជួបបុរសក្នុងក្តីស្រម៉ៃ។

ទាក់ទងនឹងរឿងនេះ លីលី បានបង្ហាញប្រាប់ទាំងទឹកមុខញញឹមថា « សម្រាប់រឿងស្នេហា នាងគិតថាមិនទាន់ចង់យកទេ ព្រោះមិនទាន់ច្បាស់លាស់ ណាមួយចង់ទុកពេលវេលារកស៊ីសិន។ អ្វីដែលពិសេសគឺ ខ្លាចឈឺចាប់ម្តងទៀត ព្រោះនាងបានបែកបាក់ស្នេហាចាស់ ជាងមួយឆ្នាំហើយ ខណៈការបែកបាក់គ្នានោះ ដោយសារមានរឿងរកាំរកូសនឹងគ្នាតិចតួច រហូតធ្វើឱ្យនាង និងគូស្នេហ៍ មិនអាចបន្តទៅមុខបាន។ តែយ៉ាងណាបច្ចុប្បន្នទំនាក់ទំនង គឺនៅរាប់អានគ្នាធម្មតា ដូចបងប្អូន ដោយលីលី មិនទាន់យកស្នេហាថ្មី និងអតីតគូស្នេហ៍នាង ក៏មិនទាន់យកថ្មីដែរ»

ទន្ទឹមគ្នានេះ ក្រោយពីល្បីរឿងជួយស្ត្រីកម្សត់ម្នាក់ហើយ មានបុរសៗជាច្រើនឆាតមកនាង សរសើរលើកទឹកចិត្តនូវទង្វើរល្អ មានចិត្តល្អហើយ រូបស្រស់ស្អាតថែមទៀត ខណៈអ្នកខ្លះក៏ចង់ចងស្ពានមេត្រី តែនាងថា «មិនទាន់ហ៊ានទទួលស្នេហាថ្មីទេ ព្រោះខ្លាចជួបវិបត្តិម្តងទៀត»។ និយាយដល់ចំណុចនេះ នាងសង្កត់ធ្ងន់ថា «សម្រាប់ការបើកបេះដូងថ្មីថ្ងៃណានោះ មិនទាន់ដឹងនោះទេ តែអាចនិយាយបាននៅ ក្នុងពេលឆាប់ខាងមុខនេះ»។

កញ្ញា លឹម សុភាវី ហៅលីលី ដែលកំពុងមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈរូបនេះ បានបង្ហាញពីលក្ខណៈសម្បត្តិបុរសក្នុងក្តីស្រម៉ៃថា «បុរសដែលនាងចង់បានជាគូអនាគត គឺជាមិនមែនជាមនុស្ស ដែលមានទ្រព្យសម្បិត្តច្រើននោះទេ ត្រឹមតែបុរសសាមញ្ញម្នាក់ ផ្តល់ក្តីសុខឱ្យនាងបាន អាចត្រឹមតែមានជីវិតធម្មតា រស់នៅតែពីរនាក់ដោយសុភមង្គល និងផ្តល់ភាពកក់ក្តៅឱ្យនាងបានច្រើន គឺគ្រប់គ្រាន់ហើយ។ និយាយពីចរិតវិញ នាងចង់បានបុរសម្នាក់ ដែលម៉ឺងម៉ាត់ ហ៊ាននិយាយហ៊ានធ្វើ ហើយអ្វីដែលសំខាន់នោះ គឺពេលខឹង អន់ចិត្តនឹងគ្នា សូមឱ្យនិយាយជាមួយគ្នាតែពីរនាក់ ដោះស្រាយបញ្ហាដោយត្រឹមត្រូវ គឺគ្រប់គ្រាន់ហើយ»។

គួរជម្រាប់ថា លីលី គឺជាកូនស្រីច្បងក្នុងគ្រួសារ និងបច្ចុប្បន្នជាតារាសម្តែងមួយដួង មានទីផ្សារសិល្បៈគួរសម ក្រៅពីនេះ នាងកំពុងតែចាប់យកជំនាញមួយទៀត គឺរៀនជំនាញ MC ព្រោះដើម្បីតម្រូវទីផ្សារសិល្បៈបច្ចុប្បន្ន។ ចង់ដឹងថា លីលី និយាយអ្វីខ្លះ ទស្សនាវីដេអូខាងក្រោម៖