(ភ្នំពេញ)៖ យោងតាមតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅទី០២​ ខែកុម្ភៈ​ ឆ្នាំ២០១៩ នេះថា លោក​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​និង​លោក ហ៊ុន ម៉ាណែត ដែលបានផ្ដល់ថវិកា​ចំនួន ៨ម៉ឺនដុល្លារ ជួយសម្រាលថ្លៃ​ចំណាយព្យាបាល អំឡុងពេលដែលប្អូនស្រី​របស់លោក គឺ​ខេមរៈ ស្រីពៅ មានជំងឺធ្ងន់ធ្ងរ ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ រយៈពេល៤​ឆ្នាំមកនេះ។​

លោក ខេមរៈ សិរីមន្ត បាន​ឲ្យដឹងថា នៅអំឡុងពេល​ព្យាបាលនៅប្រទេសថៃ គឺមានការចំណាយ​ច្រើន​​ ត្រូវការថវិកាចំនួន​ ២ម៉ឺន​ ទៅ​ ៣​ម៉ឺន ក្នុងមួយខែ ដូច្នេះក្រុមគ្រួសាររបស់លោក ត្រូវចំណាយអស់ច្រើន។ ប៉ុន្តែជាសំណាងល្អ ​នៅអំឡុងពេលមួយឆ្នាំមុន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង​លោក ហ៊ុន ម៉ាណែត ព្រមជាមួយនឹងភរិយា បានដឹងដំណឹងថា ប្អូនស្រីរបស់លោក (ខេមរៈ ស្រីពៅ) មានជំងឺធ្ងន់ធ្ងរ ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង​លោក ហ៊ុន ម៉ាណែត បានផ្ដល់ថវិកាចំនួន ​៨ម៉ឺនដុល្លារ ដល់ក្រុមគ្រួសារ​ ដែលធ្វើឲ្យបន្ធូរការចំណាយនៅមន្ទីរពេទ្យ។

ខេមរៈ សិរីមន្ត និយាយថា «ខ្ញុំបាទក៏សូមអរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង​បងប្រុស ហ៊ុន ម៉ាណែត ដែលបានផ្ដល់ថវិកា​ចំនួន ៨ម៉ឺន ដុល្លារ ក្នុងនោះ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ៧ម៉ឺនដុល្លារ និង បងប្រុស ហ៊ុន ម៉ាណែត​១ម៉ឺនដុល្លារ ដើម្បីជួយបន្តព្យាបាលជំងឺប្អូនស្រីរបស់ខ្ញុំ។ តែទីបំផុតនាងនៅតែមិនជាសះស្បើយដដែល»

លោក​ ខេមរៈ សិរីមន្ត បានរៀបរាប់ថា «ពីដំបូងប្អូនស្រីរបស់ខ្ញុំ គឺកើតជំងឺរលាកសរសៃឈាម តែគ្រូពេទ្យនៅមន្ទីរពេទ្យឯកជនមួយ បានផ្សំថ្នាំសន្លាក់ ឲ្យលេប​ខុសពីជំងឺ ទើបធ្វើឲ្យប្រតិកម្មថ្នាំ ​និង​ប៉ះពាល់ដល់សុខភាព ប្អូនស្រីរបស់ខ្ញុំ រហូតធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបញ្ចូនបន្តទៅព្យាបាលនៅប្រទេសថៃ និងចុងក្រោយនៅក្នុងប្រទេសឥណ្ឌា»

គួរជម្រាបថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពក្នុងវ័យ ២៦ ឆ្នាំ ដោយជំងឺក្រលៀន និងសួតធ្ងន់ធ្ងរ កាលពីវេលាម៉ោងប្រមាណ​១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យ នៃប្រទេសឥណ្ឌា បន្ទាប់ពីបញ្ជូនពីប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ ហើយបន្តព្យាបាលមន្ទីរពេទ្យប្រទេសឥណ្ឌា អស់រយៈពេលជិត២ខែ។ ក្នុងនោះ​សម្ដេច សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ក៏ដូចជា លោក ហ៊ុន ម៉ាណែត បានចូលបច្ច័យបុណ្យសព និងបុណ្យ៧ថ្ងៃ ដ៏ច្រើនសន្ធឹកសន្ធាប់​ផងដែរ៕