(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានទម្លាយថា មូលហេតុដំបូងដែលធ្វើឲ្យប្អូនស្រីរបស់លោក ធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ថ្នាក់បាត់បង់ជីវិត គឺ​បណ្ដាលមកពីដំបូងឡើយ វេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យឯកជនម្នាក់ បានធ្វើការវិនិច្ឆ័យរោគ មិនបានត្រឹមត្រូវ រួចក៏បានផ្សំថ្នាំឲ្យនាងលេប ខុសពីជំងឺ (ផ្សំថ្នាំសន្លាក់ឲ្យលេប) ទើបបណ្ដាលឲ្យប្រតិកម្មថ្នាំ និងធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលដល់ប្រទេសថៃ។

លោក ខេមរៈ សិរីមន្ត បានបន្តទៀតថា មុននឹងទៅដល់ប្រទេសថៃ ឥទ្ធិពលថ្នាំបានជ្រាបចូលពេញខ្លួន និងបានបំផ្លាញសរីរាង្គក្នុងខ្លួនប្អូនស្រីរបស់លោក មានដូចជា ក្រពះ ពោះវៀន សួត ជាពិសេសគ្រលៀន ធ្ងន់ធ្ងរទៅហើយ ដែលធ្វើឲ្យវេជ្ជបណ្ឌិតនៅក្នុងប្រទេសថៃ ពិបាកនៅក្នុងការព្យាបាល។ អំឡុងពេលទៅព្យាបាល នៅក្នុងប្រទេសថៃរយៈពេល៣ឆ្នាំ ដោយបានចំណាយថវិកា អស់រាប់ម៉ឺនដុល្លារ ​ស្ថានភាពរបស់ប្អូនស្រី មិនបានធូរស្បើយអ្វីឡើយ ពោលគឺមានតែធ្ងន់ធ្ងរជាងមុន ព្រោះបញ្ជូនទៅចំទីតាំងពេទ្យ ដែលគ្មានជំនាញច្បាស់លាស់។

លោកបានបន្តទៀតថា ទោះបីជាដឹងថា ប្អូនស្រីមិនបានធូរស្បើយ ប៉ុន្តែលោកនៅតែលើកទឹកចិត្ត និងបន្តព្យាបាលជាប់រហូត ទោះបីជាថ្នាំខ្លះថ្លែ គឺក្នុង១ម្ជុលមានតម្លៃរហូតដល់១ម៉ឺដុល្លារ ទៅ២ម៉ឺនដុល្លារ ក៏លោកហ៊ានចំណាយឲ្យពេទ្យដែរ។ ​លោកថាអំឡុងពេលនោះ ចំណូលបានមកពីការងា​សិល្បៈ គឺត្រូវចំណាយជាអាទិភាព​ដំបូង ទុកសម្រាប់តែមើលជំងឺប្អូន​ស្រីពៅប៉ុណ្ណោះ មិនហ៊ានប្រើការខ្ជះខ្ជាយអ្វីឡើយ ពោលគឺពេលពេទ្យត្រូវការលុយពេលណា គឺផ្ញើទៅភ្លាមៗតែម្ដង។

​ថ្លែងទាំងទឹកភ្នែកយំអួលដើមកទៀតថា លោកពិតជាស្រណោះខ្លាំងណាស់ នៅពេលដែលលោក ទៅជួបប្អូននៅក្នុងមន្ទីរពេទ្យម្តងៗ​ ព្រោះប្អូនស្រីពៅតែងតែប្រាប់ថា ចង់មកច្រៀងវិញ ហើយលោកតែងតែលើកទឹកចិត្ត ដល់រូបនាងថា មិនអីទេ ឲ្យតែប្អូនបានជាសះស្បើយ គឺបងនឹងនាំប្អូនមក ចូលសិល្បៈវិញតាមបំណង។ អ្វីដែលរូបលោកកាន់តែអស់សង្ឃឹម គឺនៅពេលដែលស្ថានភាពជំងឺ របស់ស្រីពៅកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់ក្រុមគ្រួសារសម្រេចចិត្តបញ្ចូនពីមន្ទីរពេទ្យថៃ ទៅកាន់មន្ទីរពេទ្យក្នុងប្រទេសឥណ្ឌា ហើយពេលទៅដល់ដំបូង លោកគិតថា អ្វីៗនឹងអាចប្រសើរឡើង ប៉ុន្តែទីបំផុត គឺមិនអាចដូចបំណងឡើង។

ទោះបីជាប្អូនស្រីរបស់លោក បានបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុតទៅហើយក្តី ប៉ុន្តែអ្វីដែលលោកចង់ផ្តាំផ្ញើ​ គឺលោក​ចង់និយាយផ្តោតសំខាន់ទៅដល់វេជ្ជបណ្ឌិតមួយចំនួន ដែលបានផ្សំថ្នាំ ឬក៏ព្យាបាលអ្នកជំងឺ ត្រូវពិនិត្យ និងរកមើលរោគវិនិឆ្ឆ័យឲ្យបានច្បាស់លាស់ និងកុំយកជីវិតអ្នកជំងឺ មកធ្វើជាការលេងសើច​ ព្រោះថ្នាំ ឬឱសថអាចបំផ្លាញជីវិតមនុស្ស ដោយមិនដឹងខ្លួន។ ចំណែកឯ បងប្អូនប្រជាពលរដ្ឋវិញ ប្រសិនបើអាចជៀសវាងបាន​ ចំពោះការផ្សំថ្នាំលេប ពេលមានជំងឺតិចតួច ក៏ជៀសទៅ ដើម្បីកុំឲ្យស្ថានភាពធ្លាក់ដុនដាប ដូចជាប្អូនស្រីរបស់លោក នៅពេលនេះ។

ជាការពិតណាស់ ការទម្លាយនូវអាថ៌កំបាំងជំងឺរបស់ប្អូនស្រីលោក រយៈពេល៤ឆ្នាំមកនេះ គឺលោកចង់បញ្ជាក់ឲ្យមហាជនទូទៅ ដឹងច្បាស់ថា រាល់ព័ត៌មាន ឬពាក្យចចាមអារ៉ាម ដែលបានលេចឮកន្លងមក គឺពុំមែនជាការពិតនោះទេ ហើយការទម្លាយនេះ ក៏ជាការបញ្ចប់ នូវមន្ទិលសង្ស័យជាច្រើន ដែលតែងតែគិតថា ក្រុមគ្រួសារលោក មានអាថ៌កំបាំងអ្វីមួយ នៅពីក្រោយនឹងជំងឺ​បស់ ខេមរៈ ស្រីពៅ រហូតដល់នាងបាត់បង់ជីវិត៕