(ភ្នំពេញ)៖ តារាចម្រៀងល្បីលំដាប់ប្រទេស លោក ប៉ុន សុណារិន ហៅខេម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា ដែលបានមានប្រសាសន៍ ជាសាធារណៈ​កោតសរសើរទៅដល់សំឡេងស្អក និង​បទចម្រៀងមួយបទ​របស់លោក ដែលមានចំណងជើងថា «លើលោកនេះ គ្មានអ្នកណាចង់ក្រ» ព្រោះតែបានបង្កប់អត្ថន័យអប់រំខ្ពស់ និងឆ្លុះបញ្ចាំងពីតថភាពរស់នៅជាក់ស្ដែងរបស់បងប្អូន ប្រជាពលរដ្ឋ ពោលគឺមនុស្សគ្រប់រូបកើតមក គ្មាននរណាចង់ក្រនោះទេ។

តារាចម្រៀងខេម បានបង្ហាញពីដឹងគុណដល់សម្ដេចតេជោ នៅពេលដែលលោករៀបចំចេញដំណើរ ទៅសម្ដែងឯប្រទេសកូរ៉េ រយៈពេល​១​សប្ដាហ៍នា​ រាត្រីថ្ងៃទី ០១​ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ដោយតារាចម្រៀង ខេម បានបញ្ជាក់ប្រាប់គេហទំព័រ Khmer​ Talking និង Fresh New ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺ ប្រមុខរាជរដ្ឋាភិបាលនៃ​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងលើកទឹកចិត្ត ក៏ដូចជា​កោតសរសើរ​ដល់រូបខ្ញុំបាទ ទៅលើសំឡេង និង​អត្ថន័យនៃបទចម្រៀង «លើលោកនេះ គ្មានអ្នកណាចង់ក្រ» ខណៈដែលបទចម្រៀងមួយនេះ បានឆ្លុះបញ្ចាំងពីជីវិតពិត រស់នៅក្នុងសង្គម»

លោក ខេម បានបន្តថា «ខ្ញុំពិតជាមានក្ដីរំភើប និង​រីករាយ​ឥតឧបមា នៅពេលដែលសម្ដេចតេជោ បានថ្លែងសរសើររូបខ្ញុំជាសាធារណៈ​បែបនេះ ហើយខ្ញុំនឹងខិតខំប្រឹងប្រែង បញ្ចេញនូវបទចម្រៀង និង​រិះរកបទចម្រៀងណា ដែលបង្កប់ទៅដោយអត្ថន័យអប់រំ ភាពលើកទឹកចិត្ត បញ្ជាក់ពីតថភាពនៃការ​រស់នៅ​ក្នុងសង្គម ឲ្យកាន់តែច្រើន​បន្ថែមទៀត​ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន»។

គួររំឭកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍កោតសរសើរ ចំពោះអ្នកនិពន្ធ បទចម្រៀងមួយបទ មានចំណងជើងថា «លើលោកនេះអ្នកណាចង់ក្រ» ដែលជាបកស្រាយ ដោយតារាចម្រៀង ប្រចាំក្នុងផលិតកម្មថោន គឺលោក ខេម ខណៈបទចម្រៀងនេះ បានបង្ហាញឲ្យឃើញពីជីវិតពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ដើម្បីជីវភាពគ្រួសារ និងបានឆ្លុះបញ្ចាំងពីតស៊ូប្រឹងប្រែង រកប្រាក់ចិញ្ចឹមគ្រួសារ។

សម្ដេចតេជោ មានប្រសាសន៍ថា «បទចម្រៀងរបស់ ខេម មានមួយបទ គឺបទលើលោកនេះគ្មានអ្នកណាចង់ក្រ គឺវាទាក់ទងទៅនឹងជីវិកកម្មករ គឺកម្មករក្រៅស្រុក អាចដាក់បានក៏ដាក់ទៅ ឥឡូវទាន់ថ្ងៃហ្នឹងមកហើយ… ឲ្យច្រៀងឲ្យច្រើនបន្តិចទៅ..»

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសើរចំពោះទឹកដមសំឡេង របស់តារាចម្រៀង ខេម ដែលមានសំឡេង អំណោយផលពីធម្មជាតិ ពោលគឺមានសំឡេងស្អក ប៉ុន្តែពីរោះមួយបែប។

សម្ដេចតេជោបញ្ជាក់ថា «អត់ទេ..សំឡេងខេមឯងពិសេស និយាយត្រង់ សំឡេងស្អកមែន ក៏ប៉ុន្តែគឺពិសេស ហើយបើព្យាណូបាក់ខ្ទង់ (ច្រៀងបទព្យាណូបាក់ខ្ទង់) បញ្ជូនឲ្យពូ គឺអាហ្នឹងពីរោះប្លែកហ្មង.. សាកឥឡូវហ្នឹងក៏បានដែរ សាកព្យាណូបាក់ខ្ទង់មួយមើល៍…!»