(គូឡាឡាំពួរ)៖ ពិតជាជក់ចិត្តមែន! ក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ប៉ះក្រុម PKNS FC របស់កីឡាករ ចាន់ វឌ្ឍនាកា បើកឆាករដូវកាលថ្មី​នៃលីគកំពូលម៉ាឡេស៊ីកាលពីយប់មិញ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ និងទទួលបាន ១ពិន្ទុដូចគ្នា។

សម្រាប់ជំនួបទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រកម្ពុជានេះ កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន សុទ្ធតែបានបង្ហាញវត្តមានក្នុងជម្រើស ១១នាក់ដំបូង តែតង់ទី១ ពុំមានការស៊ុតបញ្ចូលទីគ្នានោះទេ។ លុះចូលតង់ទី២ ក្រុម PKNS បានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន រកបានដោយកីឡាករ Nick Swirad ក្រោយការលើកបាល់ជ្រុងដ៏ល្អពីកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី៦៥។

បន្ទាប់មកទើបកីឡាករ Abdul Malik Mat Arit រកបាន ១គ្រាប់វិញនៅនាទី៨៨ ដើម្បីជួយក្រុម Terengganu FC តាមស្មើ ១-១ នៅចុងម៉ោង ដែលធ្វើឲ្យក្រុមទាំងពីរចែកគ្នា ១ពិន្ទុម្នាក់ សម្រាប់ការប្រកួតបើកឆាកតែម្ដង។ ចំណែកអតីតក្រុមចាស់របស់ ចាន់ វឌ្ឍនាកា គឺក្រុម Pahang FA បានទទួល ៣ពិន្ទុពេញ ក្រោយយកឈ្នះក្រុម Kuala Luampur ដោយលទ្ធផល ៣-១ ក្នុងជំនួបបើកឆាករដូវកាលថ្មីដូចគ្នាកាលពីយប់មិញ៕