(ភ្នំពេញ)៖ ជាការពិត តារាសម្តែងស្រីពោរពេញដោយទេពកោសល្យ ភាពប៉ិនប្រសព្វក្នុងការសម្តែង គឺអ្នកនាង ង៉ែត សុវណ្ណលីតា ត្រូវបានទស្សនិជនភាពច្រើន ស្គាល់តាមរយៈសម្តែងជាតួអង្គកាចឆ្នាស់ និងតួម្តាយជាដើម។ យ៉ាងណាមិញ ក្រោយពីបាត់មុខមួយរយៈខ្លីរួចមក ពេលនេះអ្នកនាងសម្រាលបានបុត្រាគួរឱ្យស្រឡាញ់ម្នាក់ទៀតហើយ ដែលជាកូនទី៣ ខណៈកូនស្រីទីមួយ មានអាយុ ១៨ឆ្នាំ និងកូនប្រុសទី ២ មានអាយុជិត ៤ឆ្នាំ។

ជាការកត់សម្គាល់ តារាសម្តែងស្រីចាស់វស្សា មានភាពលេចធ្លោរខ្លាំងក្នុងវិស័យសម្តែង អ្នកនាង ង៉ែត សុវណ្ណលីតា បានវះកាត់សម្រាលកូន កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ ថ្មីៗនេះ ខណៈបច្ចុប្បន្នទារកមើលទៅទ្រលុកទ្រលន់គួរឱ្យខ្នាញ់ និងមានសុខភាពល្អ ទាំងម្តាយ និងទារកតែម្តង។ ជាពិសេសក្រោមការ មើលថែថ្នាក់ថ្នមពីស្វាមី បានធ្វើឱ្យតារាសម្តែងដួងនេះ ហាក់មានភាពកក់ក្តៅយ៉ាងខ្លាំង ខណៈកូនប្រុសទី៣នេះ ត្រូវបានស្វាមីនាង ដាក់ឈ្មោះឱ្យថា «ឌួង សៀ»។

ជាមួយគ្នានេះ អ្នកសិល្បៈ និងទស្សនិកជនជាច្រើន សម្តែងនូវការរីករាយជំនួស អ្នកនាង ង៉ែត សុវណ្ណលីតា និងគ្រួសារ ព្រមទាំងជូនពរឱ្យម្តាយ និងទារក មានសុខភាពល្អថែមទៀត និងឆាប់ឱ្យអ្នកនាងចូលសម្តែងភាពយន្តវិញ។ មិនមែនប៉ុណ្ណោះ រហូតមកទាល់នឹងពេលនេះ​ គេសង្កេតឃើញថា មានអ្នកសិល្បៈរួមអាជីពជាច្រើន ទៅសួរសុខទុកម្តាយ និងទារកជាហូរហែរផងដែរ៕