(ភ្នំពេញ)៖ មហាជនពិតជាស្គាល់ច្បាស់ គ្រប់គ្នាហើយ តារាចម្រៀងវ័យក្មេងរូបសង្ហា លោក ដួង វីរៈសិទ្ធ ខណៈដែលអាជីពចម្រៀង ដែរទទួលបាន ការចាប់អារម្មណ៍ និងគាំទ្រច្រើនតាមរយៈការជ្រើស យកបទមរតកដើមមួយចំនួនទៅ Cover ច្រៀងឡើងវិញ ជាពិសេសនោះ គឺបទចម្រៀង របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត តែម្ដង។ យ៉ាងណាមិញថ្មីៗនេះ លោក ដួង វីរៈសិទ្ធ បានបង្ហាញអារម្មណ៍ រំភើបក្រៃលែង ក្រោយបំណងប្រាថ្នារបស់ខ្លួន ដែលប៉ងទុកជាយូរ ពោលគឺលោកបានទៅជួបផ្ទាល់ ជាមួយនឹងឧត្តមភរិយា របស់ អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ហើយលោកក៏បានសម្ដែងការដឹងគុណ និងការគោរពស្រឡាញ់ ដល់ក្រុមគ្រួសាររបស់លោក ព្រមទាំងបានជូនជាថវិកា ដល់ភរិយារបស់លោក ស៊ិន ស៊ីសាមុត ផងដែរ។

យោងតាមគណនីហ្វេសប៊ុក របស់តារាចម្រៀង លោក ដួង វីរៈសិទ្ធ បានសរសេរសារបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់លោកទាំងអារម្មណ៍រំភើប ភ្ជាប់ជាមួយនឹងទឹកមុខ យ៉ាងស្រស់ស្រាយ ថា ខ្ញុំពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ ដែលបានជួបលោកយាយ ដែលជាឧត្ដមភរិយារបស់ (អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ) ដូចក្តីបំណង ទោះភ្នំពេញ ដីឆ្ងាយពីខេត្តស្ទឹងត្រែង តែទឹកចិត្ត និងការដឹងគុណ របស់ចៅគឺនៅជិតបង្កើយ។

ដួង វីរៈសិទ្ធ បានបន្តថា «ខ្ញុំបានពាំនាំ យកកាដូ បន្តិចបន្តួច ទៅតាមលទ្ធភាព ចំនួនទឹកប្រាក់២,០០០,០០០៛ ដែលជាសណ្ដានចិត្ត របស់ចៅ ដោយក្ដីស្រលាញ់ និងគោរពចំពោះលោកយាយ និងក្រុមគ្រួសារ និងជាការដឹងគុណ សម្រាប់រាល់បទចម្រៀង ដែលចៅបានច្រៀង.... ហើយចៅនឹងព្យាយាម ជួយលោកយាយបន្ថែមទៀត ទៅថ្ងៃមុខទៅតាមលទ្ធភាព ដែលចៅមាន ហើយចៅនឹងប្រឹងប្រែង និពន្ធនឹងថែរក្សា ចម្រៀងបែបខ្មែរយើង អោយបានល្អ នឹងដើម្បីបន្សល់ទុក សម្រាប់កូនខ្មែរ ជំនាន់ក្រោយៗទៀត»

ក្រោយឃើញនូវសកម្មភាព និងក្ដីស្រលាញ់ ការគោរព ដល់ក្រុមគ្រួសារ របស់លោកតាស៊ិន ស៊ីសាមុត បានធ្វើឲ្យប្រិយមិត្តទស្សនិកជន សម្ដែងនូវការកោតសរសើរ ថា ដែលនេះពិតជាក្តីស្រលាញ់ដ៏ធំធេង ពីលោក ដួង វីរៈសិទ្ធ ចំពោះអធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត ដែលគួរឲ្យយកគំរូតាម។

គួរបញ្ជាក់ថា លោក ដួង វីរៈសិទ្ធ ជាតារាចម្រៀងដ៏ល្បីល្បាញ មួយដួង ដែលមានសម្លេង ពីរោះស្រទន់ ដោយគ្រប់បទចម្រៀង ដែលលោកច្រៀងតែងបំពេរអារម្មណ៍ ប្រិយមិត្តឲ្យស្តាប់ និងបណ្តែតអារម្មណ៍ ទៅតាមសំនៀងរបស់លោកជានិច្ច៕