(ព្រះសីហនុ)៖ តារាចម្រៀងល្បីៗលំដាប់ប្រទេសចំនួន២ដួង គឺលោក ឆាយ វីរៈយុទ្ធ និងអ្នកនាង ខាត់ សុឃីម ព្រមទាំងលោក ម៉េន កានី បានបោះទុន​វិនិយោគរួមគ្នា ក្នុងទំហំទឹកប្រាក់ប្រមាណជាង ២លានដុល្លារ បើកជំនួញដីធ្លីលើកដំបូង ក្នុងទឹកដីខេត្តព្រះសីហនុ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រជាពលរដ្ឋនៅតំបន់នោះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ តារាចម្រៀងអ្នកនាង ខាត់ សុឃីម និងលោក ឆាយ វិរៈយុទ្ធ បានប្រកាសដឹងពីគម្រោងបើកសម្ពោធលក់ដីឡូតិ៍របស់ខ្លួនគួរឲ្យភ្ញាក់ផ្អើលនៅលើទឹកដីខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៑ុន GM បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារជាច្រើននាក់ទៀត។

តារាចម្រៀង ឆាយ វិរៈយុទ្ធ បានថ្លែងថា ខ្លួនមិនមានបទពិសោធន៍ពុះដីឡូតិ៍លក់ទេ ប៉ុន្តែដោយសារតែមានទំនុកចិត្តលើ លោក ម៉េន កានី អគ្គនាយកក្រុមហ៑ុន GM ដែលជោគជ័យជាយូរមកហើយ លើគម្រោពុះដីឡូតិ៍លក់នេះ ទើបលោកសម្រេចចិត្តបោះទុន បើកជំនួញនេះតែម្ដង។

លោកបន្តថា ទោះបីនេះជាការវិនិយោគលើកដំបូងក្នុងវិស័យអចលនទ្រព្យក៏ពិតមែន ប៉ុន្តែលោករំពឹងថា នឹងទទួលជោគជ័យ ព្រោះបច្ចុប្បន្ននេះលោកបានមើលឃើញថា ទីផ្សារទិញលក់ដី គឺមានសន្ទុុះខ្លាំងក្លាស្ទើរមិនគួរឲ្យជឿ។ ម្យ៉ាងទៀតទីតាំងដែលលោកបានបោះទុនវិនិយោគនេះ គឺជាទីតាំងល្អ ជាតំបន់អភិវឌ្ឍន៍ និងមានឱកាសចំណេញខ្ពស់សម្រាប់បងប្អូនអតិថិជនទិញបន្ត។

ម្ចាស់បទ «នឹកអូនស្ទើរដាច់ខ្យល់» រូបនេះបានថ្លែងបន្តទៀតថា ជំនួញលើវិស័យអចលនទ្រព្យលើកដំបូងនេះ មិនប៉ះពាល់ដល់ការងារសិល្បៈរបស់លោកឡើយ។ លោកក៏ចង់ឲ្យអ្នកសិល្បៈរួមអាជីពទាំងអស់ ប្រសិនបើមានឱកាសអាចងាកមកចាប់ជំនួញលើដីធ្លីដូចរូបលោកក៏បាន ព្រោះនេះពេលវេលារកប្រាក់ចំណូលបន្ថែម បន្ទាប់ពីការងារសិល្បៈ។

ដោយឡែកអ្នកនាង ខាត់ សុឃីម បានថ្លែងនៅក្នុងពិធីបើកសម្ពោធដីឡូតិ៍ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដែលជាតំបន់មានសក្កានុពលរបស់ខេត្តព្រះសីហនុថា គម្រោងដីឡូតិ៍ដែលអ្នកនាងប្រកាសបើកលក់នេះ មិនមែនអ្នកនាងគ្រាន់តែឈរឈ្មោះដើម្បីយកផលចំណេញនោះទេ ពោលគឺអ្នកនាងបោះទុនទិញដូរជាមួយតែម្ដង ដោយអ្នកនាងមានហ៑ុន២៥ភាគរយ លោក ឆាយ វិរៈយុទ្ធ ២៥ភាគរយ និងក្រុមហ៑ុន GM ដែលមានបទពិសោធន៍ពុះលក់ដីឡូតិ៍លក់ជាយូរមកហើយ មានហ៑ុន៥០ភាគរយ។

អ្នកនាងបានបន្តថា នេះជាគម្រោងទី១ ដែលអ្នកនាងសាកល្បងវិនិយោគ ដោយគ្រាន់តែគម្រោងទាំងមូលមានការប្រកាសថា មានអ្នកនាង និង លោក ឆាយ វិរៈយុទ្ធ ភ្លាមក៏លក់អស់ជាង២០០ឡូតិ៍បាត់ទៅហើយក្នុងចំណោមជាង៧០០ឡូតិ៍ ទើបធ្វើឲ្យអ្នកនាងមានទំនុកចិត្តកាន់តែខ្លាំង សម្រាប់អាជីវកម្មដីឡូតិ៍បើកឆាករបស់ខ្លួន។ គម្រោងនេះមានផ្ទៃដីសរុបជាង១០ហិកតា ហើយក៏ចំណាយដើមទុនមិនតិចនោះដែរ ទម្រាំឈានដល់ការចាប់ដៃគ្នាធ្វើពិធីបើកសម្ពោធ នៅថ្ងៃនេះ។

អ្នកនាងប្រកាសថា នេះជាគម្រោងលើកទី១ តែក៏នឹងមានគម្រោងបន្តបន្ទាប់ផងដែរ ដោយសារតែអ្នកនាង និងដៃគូ ក៏មានគម្រោងទិញដីចូលគ្នាបើកលក់បែបនេះបន្តបន្ទាប់ទៀត នៅពេលខាងមុខ។ អ្នកនាងខ្លួនមិនធ្លាប់ស្រមៃថា បានក្លាយជាម្ចាស់គម្រោងពុះដីឡូតិ៍លក់ជាទ្រង់ទ្រាយធំបែបនេះ ពីមុនមកទេ ដោយអ្នកនាងប្រកាសថា ទំហំដី៥ គុណ២០ ដែលបានដាក់លក់ គឺជាគម្រោងមួយដ៏ប្រសើរ សម្រាប់អ្នកចង់វិនិយោគលើវិស័យដីធ្លី ហើយសមល្មមសម្រាប់អ្នកមានធនធានមធ្យម។ យ៉ាងណាមិញអ្នកនាងថា ខ្លួនមិនចោលការងារសិល្បៈនោះទេ ដោយនៅតែបន្តចេញបទចម្រៀង ដោយនឹងត្រៀមបញ្ចេញ១២បទ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។

សូមបញ្ជាក់ថា ក្រៅពីកាត់ខ្សែបូរប្រកាសលក់ដីឡូតិ៍ មានឈ្មោះថា «ឆាយ វីរៈយុទ្ធ GM ខាត់ សុឃីម» ក៏មានការបើកប្រគំតន្ត្រីនៅក្បែរទីតាំងដីឡូតិ៍ ធ្វើផ្អើលនៅតំបន់នោះផងដែរ៕