(ភ្នំពេញ)៖ ស្របពេលដែលទីផ្សាសិល្បៈបច្ចុប្បន្នកំពុងមានស្ទុះនៃការគាំទ្រនិងប្រជាប្រិយភាពក្រោយពេលចេញបទ វីរៈបុរសកុមារកម្ពុជា ដើម្បីជាការរម្លឹកដឹងគុណចំពោះលោកវេជ្ជបណ្ឌិត Beat Richner អតីតនាយកស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផានោះ ថ្មីៗនេះតារាចម្រៀងប្រុសរូបសង្ហាលោក សាល ចាន់ស៊ី ក៏បានបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីមួយទៀតរបស់ខ្លួន ប្រជែងលើទីផ្សាចម្រៀងបច្ចុប្បន្ន បង្កការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។

ជាក់ស្តែងមុននេះតារាចម្រៀងប្រុសជ្រកក្រោមដំបូលផលិតកម្ម SASDA លោក សាល ចាន់ស៊ី ទើបបានទម្លាយផ្សព្វផ្សាយនូវ MV បទចម្រៀងថ្មីរបស់ខ្លួន លក្ខណៈបែបញ៉ាក់កន្ត្រាក់អារម្មណ៍ បង្កប់អត្ថន័យយ៉ាងពិរោះ ដើម្បីបម្រើតាមតម្រូវការពីសំណាក់ទស្សនិកជនអ្នកគាំទ្រ។ ពិសេសមិត្តៗយុវវ័យដែលតែងគាំទ្រ និងចង់ឲ្យតារាប្រុសរូបនេះបញ្ចេញស្នារដៃបទចម្រៀងថ្មីៗ ដើម្បីរក្សាបានប្រជាប្រិយភាព។

ចំពោះ MV បទថ្មីរបស់តារាចម្រៀងលោក សាល ចាន់ស៊ី ដែលកំពុងត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបង្កការចាប់អារម្មណ៍គាំទ្រពីទស្សនិកជននោះមានចំណងជើងថា «ម៉ាក់ថា NO ហើយ» ។ ទន្ទឹមគ្នានេះដែរ​បើតាមការបញ្ជាក់ឲ្យដឹងពីសាមីខ្លួន លោក សាល ចាន់ស៊ី បានរៀបរាប់ថា ការចេញបទចម្រៀងមានសាច់ភ្លេងញ៉ាក់កន្ត្រាក់អារម្មណ៍នេះ គឺធ្វើឡើងបំពេញតាមចំណង់ចំណូលចិត្តរបស់ទស្សនិកជន។ ខណៈដែលសាច់រឿងក្នុងបទនេះ ក៏មានបង្កប់អត្ថន័យបែបកំប្លែងសប្បាយផងដែរ។ ម្យ៉ាង​ទៀតលោកក៏អរគុណចំពោះទស្សនិកជន និងមិត្តៗយុវវ័យដែលនូវតែបន្តការគាំទ្រស្នាដៃបទចម្រៀងថ្មីៗរបស់ខ្លួនផងដែរ។

សូមបង្វែអារម្មណ៍ប្រិយមិត្តទៅទស្សនា MV បទ «ម៉ាក់ថា NO ហើយ» ពីតារាចម្រៀងវ័យក្មេងលោក សាល ចាន់ស៊ី ខាងក្រោមនេះទាំងអស់គ្នា៖