(ភ្នំពេញ)៖ សម្រាប់កម្មវិធី «Miss Global» ២០១៨ គឺត្រូវធ្វើឡើងនៅទឹកដីប្រទេសហ្វីលីពីន ជាម្ចាស់ផ្ទះ ខណៈបវរកញ្ញាតំណាងកម្ពុជា គឺកញ្ញា ហង្ស សូរីយ៉ាន់ ដែលបច្ចុប្បន្ននាង គឺជាតារាសម្តែង និងតារាម៉ូឌែលមួយដួង ពោរពេញដោយសមត្ថភាពខ្ពស់ក្នុងវិស័យសិល្បៈ។ កញ្ញា បានចេញដំណើរទៅប្រទេសហ្វីលីពីន នៅថ្ងៃទី ៣១​ ខែមករា ឆ្នាំ២០១៩ ដើម្បីចូលរួមកម្មវិធី លំដាប់ថ្នាក់ពិភពលោកមួយនេះ។ យ៉ាងណាមិញ ពេលនេះសូមទស្សនិកជន មកស្គាល់ពីឈុត តំណាងជាតិ ដែលនឹងត្រូវយកទៅបង្ហាញលើឆាក អន្តរជាតិ មានឈ្មោះថា «ព្រះថោងតោងស្បៃនាងនាគ» គឺពិតជាស្អាត និងទាក់ទាញយ៉ាងខ្លាំង។

ឈុតតំណាងជាតិ «ព្រះថោងនាងនាគ» ត្រូវបានប្រជាពលរដ្ឋខ្មែរ ស្គាល់ថាជាឈុត ដែលនិយមប្រើក្នុងពិធីមង្គលការ តាមបែបប្រពៃណីខ្មែរ ខណៈការយកឈុតមួយនេះ ទៅប្រកួតក្នុងកម្មវិធី «Miss Global» ដើម្បីបង្ហាញទៅកាន់ពិភពលោក គឺត្រូវបានមហាជនភាគច្រើន សម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ព្រោះបានបង្ហាញពីការរចនាយ៉ាងប្រណិត ដោយស្នាដៃកូនខ្មែរ ក្នុងសម្លៀកបំពាក់បែបបុរាណនេះ។ អ្វីដែលពិសេស ពេលដែល កញ្ញា សុរីយ៉ាន់ បានគ្រងនូវឈុតនេះហើយ គឺពិតជាសាកសម ស្រស់សោភា ទន់ភ្លន់ និងសុភាពរាបសារ រឹងមាំ សមជាសុភាពនារីខ្មែរយ៉ាងខ្លាំង។

ថ្លែងតាមរយៈវីដេអូខ្លីមួយ កញ្ញា ហង្ស សុរីយ៉ាន់ បានបង្ហាញថា «នាងពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានតំណាងកម្ពុជា ក្នុងកម្មវិធី «Miss Global» នៅហ្វីលីពីន។ នាងប្តេជ្ញា ចិត្តថា នឹងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់ខ្មែរ ទៅកាន់ពិភពលោក​ តាមរយៈកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ។ ជាពិសេសបង្ហាញទៅកាន់ពិភពលោកថា ស្ត្រីកម្ពុជា គឺមានភាពស្រស់ស្អាត រឹងមាំ និងឆ្លាតវៃ ហើយ​នាងពិតជាមានក្ដីរំពឹងច្រើនបំផុត ក្នុងការទទួលបានជ័យជំនះលើការប្រកួត ព្រោះនាងមាន​ភាពជឿជាក់​ខ្លាំង​លើ​សមត្ថភាព​ខ្លួន​ឯង»។ ទោះជា​បែបនេះក្តី តែសូមបងប្អូនខ្មែរ ជួយលើកទឹកចិត្តកញ្ញា ទាំងអស់គ្នា តាមរយៈការ Like និងShare ដើម្បីជាការជំរុញទឹកចិត្តរបស់បវរកញ្ញាកម្ពុជាបន្ថែម។

គួរបញ្ជាក់ថា ការប្រកួត «Miss Global» ២០១៨ នៅប្រទេសហ្វីលីពីន នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣១ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ដែលជាវគ្គផ្ដាច់ព្រ័ត្រ រាត្រីគ្រងមកុដ៕