(ភ្នំពេញ)៖ ទីបំផុតលោក ប្រាក់ សុវណ្ណារ៉ា បានត្រឡប់មកប្រឡូកអាជីពគ្រូបង្វឹកទៀតហើយ ដោយត្រូវបានក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ប្រកាសតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្លឹបផ្លូវការ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នៅសណ្ឋាគារសុខា។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានេះ បានខកខានដឹកនាំក្លឹបអាជីព ២រដូវកាលមកហើយ ក្រោយចែកផ្លូវជាមួយក្លឹបចុងក្រោយលោកដឹកនាំ គឺក្រុមបឹងកេតអែហ្វស៊ី ។ តែយ៉ាងណាអំឡុងពេលលោកទំនេរពីការដឹកនាំក្លឹប លោកមិនបានឃ្លាតឆ្ងាយជំនាញរបស់ខ្លួននោះទេ ពោលគឺលោកត្រូវបានសហព័ន្ធតែងតាំងជាមន្ដ្រីបច្ចេកទេស ត្បិតលោកជាគ្រូធំម្នាក់ កាន់សញ្ញាបត្រ Pro-License នាពេលបច្ចុប្បន្ន។

ប៉ុន្ដែបើក្រឡេកទៅមើលសមិទ្ធផលរបស់លោក ប្រាក់ សុវណ្ណារ៉ា គឺលោកធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាច្រើនលើក គួរផ្សំក្លឹបធំៗមួយចំនួន ដូចជាព្រះខ័នរាជស្វាយរៀង ណាហ្គាវើល គិរីវង់សុខសែនជ័យ និងក្លឹបបឹងកេតជាដើម ហើយលោកក៏បានជួយក្រុមបឹងកេត លើកពានលីគកំពូលកម្ពុជា ក្នុងឆ្នាំ២០១៦ ផងដែរ៕