(ភ្នំពេញ)៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ រួមមានទូកនាគ និងទូកកានូ-កាយ៉ាកជ្រើសរើសជើងឯកភូមិភាគ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១ ឆ្នាំ២០១៩ ចាប់ផ្ដើមការប្រកួត នៅថ្ងៃទី០១ ខែកុម្ភៈនេះហើយ នៅខេត្តស្ទឹងត្រែង ដើម្បីបំផុសចលនាកីឡានេះឲ្យកាន់តែរីកចម្រើន ដើម្បីសម្រួចទិសដៅឆ្ពោះធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

តាមការបញ្ជាប់របស់មន្ដ្រីសហព័ន្ធ នេះគឺជាលើកទី១ ហើយ ដែលសហព័ន្ធ ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា រៀបចំការប្រកួតជើងឯកភូមិភាគនេះឡើង ហើយក៏ជាមណ្ឌលទី១ ផងដែរ សម្រាប់ការប្រកួតនេះ ដោយខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ និងមានខេត្តជុំវិញចំនួន ៥ខេត្តចូលរួម ដូចជាខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

ព្រឹត្តិការណ៍នេះដែរ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើង នឹងត្រូវផ្ដោតសំខាន់ ក្នុងការបំផុសចលនាលេងកីឡា ពិសេសស្វែងរកធនធានកីឡាករ-កីឡាការិនីឆ្នើម សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នា សហព័ន្ធក៏បានសហការជាមួយក្រុមហ៊ុនឯកជន រៀបចំនូវពិធីតាំងពិព័រណ៍ និងការប្រគំតន្ដ្រីដ៏ធំ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើន នៅទីតាំងរង្វល់មូលសួនច្បារក្ដាន់វិមានឯករាជ្យថ្មី ក្រុងស្ទឹងត្រែង ដើម្បីអបអរព្រឹត្តិការណ៍នេះផងដែរ៕