(ភ្នំពេញ)៖ សំបុត្រចូលទស្សនាការប្រកួតមិត្តភាពដ៏កក្រើករវាងក្រុម Cambodia All Stars និងក្រុមខ្លាំងថៃ Muangthong United បានដាក់លក់ផ្លូវការហើយ នៅថ្ងៃទី០១ ខែកុម្ភៈនេះ ប៉ុន្ដែថវិកាទទួលបានពីការលក់សំបុត្រ នឹងត្រូវផ្ដល់ជូនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ដើម្បីដំណើរការការអភិវឌ្ឍន៍វិស័យបាល់ទាត់យុវជនរបស់ខ្លួន ។

ចំពោះតម្លៃសំបុត្រទស្សនាជំនួបត្រៀមរដូវកាលថ្មីនេះ គឺមាន ២ប្រភេទ រួមមានកន្លែងមានកៅអីអង្គុយតម្លៃ ១០,០០០រៀល និងកន្លែងធម្មតាតម្លៃ ៥,០០០រៀល ។ ប៉ុន្ដែតំណាងក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានបញ្ជាក់កាលពីម្សិលមិញថា សម្រាប់ថវិកាទទួលបានពីការលក់សំបុត្រ រួមទាំងតម្លៃអាវផង នឹងត្រូវប្រគល់ជូនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់ទ្រទ្រង់គម្រោងបណ្ដុះបណ្ដាលកីឡាករបាល់ទាត់កម្រិតយុវជន ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

គួរដឹងថា ក្រុម Cambodia All Stars និងក្រុម Muangthong United ធ្លាប់ជួបគ្នា ២លើករួចមកហើយ មុនណាត់គ្នាប្រកួតមិត្តភាពជាលើកទី៣ នាថ្ងៃទី០៩ ខែកុម្ភៈខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ ចំណែកលទ្ធផលជួបគ្នា ២លើកមុន លើកទី១ ក្រុម Cambodia All Stars បានទទួលជ័យជម្នះក្នុងលទ្ធផល ៤-៣ និងលើកទី២ ក្រុម Muangthong United សងសឹកបានវិញជាមួយលទ្ធផល ៤-០៕