(ភ្នំពេញ)៖ នៅក្នុងថ្ងៃនេះ ពោលគឺថ្ងៃទី៣១ ខែមករា នេះ គឺជាថ្ងៃបុណ្យ គម្រប់ខួប៧ថ្ងៃ របស់តារាចម្រៀង ខេមរៈ ស្រីពៅ ខណៈដែលក្រុមគ្រួសាររបស់នាង ក៏បានរៀបចំ ធ្វើពិធីបុណ្យ តាមប្រពៃណី ព្រះពុទ្ធសាសនា តែអ្វីដែលកាន់តែសង្វេគចិត្តទៅទៀតនោះ គឺថ្ងៃបុណ្យគម្រប់ខួប៧ថ្ងៃរបស់ ខេមរៈ ស្រីពៅ គឺជាថ្ងៃខួបកំណើតរបស់នាង ខណៈដែលក្រុមគ្រួសាររបស់នាង បានរៀបចំធ្វើនំខេកមួយ ប្រគេនថ្វាយព្រះសង្ឃ ដើម្បីឧទ្ទិសជូនរូបនាង ដែលរឿងធ្វើឲ្យ មហាជនកាន់តែសង្វែគចិត្ត យ៉ាងខ្លាំងផងដែរ។

ជាមួយគ្នានេះ តាមរយៈហ្វេសប៊ុកមួយដែលមានឈ្មោះថា «ខេមរៈ ស្រីពៅ» ដែលមានជាភាសាខ្មែរផង និងភាសាអង់គ្លេសផង បានតែងនូវកំណាព្យមួយ ដែលមានចំណងជើងថា «ខួបកំណើតបាត់ម្ចាស់» ដែលធ្វើឲ្យមហាជនកាន់តែក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ក្រោយពីបានដឹងថា ក្នុងថ្ងៃខួបកំណើត របស់ តារាចម្រៀង ខេមរៈ ស្រីពៅ គឺជាថ្ងៃបុណ្យគម្រប់ខួប៧ថ្ងៃ របស់នាងទៅវិញ។

កំណាព្យ ដែលបានតាក់តែង ឡើងដោយហ្វេនអ្នកដែលស្រលាញ់ ខេមរៈ ស្រីពៅ ដែលមានចំណងជើងថា «ខួបកំណើតបាត់ម្ចាស់» មានអត្ថន័យថា៖ «បងសែនស្រណោះៗកន្លង ប្អូនពៅមាសបងមិនគួរប្អូនក្ស័យ ថ្ងៃនេះខួបអូនហើយពៅពិសី បងប្អូនប្រុសស្រីជួបជុំល្អណាស់។ តែហាក់បីដូចជា​សោះកក្រោះ ព្រោះអីមើលចុះមាននំបាត់ម្ចាស់ ពៅអើយៗពៅបងស្រណោះណាស់ កម្មមកប្ដូរផ្លាស់យកប្អូនពីបង។ បងសូមកាន់ទុក្ខពៅ១០០ថ្ងៃ បើមាននិស្ស័យកើតជាប្អូនបង សូមបុណ្យកុសលតាមជួយចម្លង ឱ្យពៅបានឆ្លងដល់សួគ៌សុខា។ ហ្វេនពៅច្រើនណាស់ចាំSurprise អូន បាត់ដំណឹងសូន្យតើពៅទៅណា? ម្ដេចពៅដាច់ចិត្តចោលហ្វេនគ្រប់គ្នា ឱ្យយំឈឺផ្សាស្ដាយពៅពេកក្រៃ។ ថ្ងៃខួបកំណើតកំណត់វេលា ចំថ្ងៃពៅលាបានប្រាំពីរថ្ងៃ ទាំងមិនអស់ចិត្តមិនអស់អាល័យ ហេតុអ្វីប្អូនក្ស័យកម្សត់ម្ល៉េះពៅ។ បងមិនអស់ចិត្តពេលលឺដំណឹង ថាពៅព្រលឹងចាកចោលបងទៅ បងសែនរន្ធត់ទ្រូងថប់ពេកកូវ ដូចជាសំពៅលិចក្នុងជលសា។ បើមានជាតិក្រោយសុំជួបពៅទៀត កើតជាសាច់ញាតិបងប្អូនទៀតណា តែសូមឱ្យប្អូនអាយុសង្ខារ អង្វែងថ្លៃថ្លាថែពុកម៉ែយើង»។ (អត្ថបទកំណាព្យដោយហ្វេន Samneang 31-01-2019)

ក្រោយពីអាននូវកំណាព្យខាងលើ រឹតតែធ្វើឲ្យអ្នកបានអានកំណាព្យ មួយនេះហើយ ពិតជាមានអារម្មណ៍តក់ស្លុត និងសោកសង្រេង ស្រណោះ អាណិត និងសោកស្ដាយ ខេមរៈ ស្រីពៅ កាន់តែខ្លាំង ដែលស្ទើរមិនគួរឲ្យជឿថា ថ្ងៃខួបកំណើតរបស់ខ្លួន ដែលត្រូវទទួលបានការសាទរ ជូនពរនិងសប្បាយរីករាយ តែបែរជាត្រូវព្រាត់ឆ្ងាយពីក្រុមគ្រួសារ ជារៀងរហូតទៅវិញ៕ រឹតតែស្រណោះ! បុណ្យគម្រប់៧ថ្ងៃ របស់ខេមរៈ ស្រីពៅ គឺជាថ្ងៃខួបកំណើតនាង!