(ម៉ាឌ្រីដ)៖ ក្លឹបបាល់ទាត់ Valencia CF របស់អេស្ប៉ាញ បានចុះកិច្ចសន្យានាំយកខ្សែបម្រើវ័យក្មេង Kangin Lee ដែលធ្លាប់ជាកីឡាករយុវជន Valencia B ឡើងមកចូលឈុតធំបន្ទាប់ពីបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យក្រុមនាពេលថ្មីៗនេះ។ ការចុះកិច្ចសន្យានេះ បានធ្វើឡើងនៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ក្នុងកីឡដ្ឋាន Mestalla។

កីឡាករវ័យក្មេងសញ្ជាតិកូរ៉េខាងត្បូង Lee ត្រូវបានក្លឹប Valencia ផ្តល់កិច្ចសន្យារហូតដល់ឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់នៃតម្លៃពលកម្មប្រមាណ ៩២លានដុល្លារ។ ខ្សែបម្រើដែលកើតនៅឆ្នាំ២០០១ នឹងជិតឈានចូលវ័យ ១៨ឆ្នាំនាខែក្រោយនេះ ត្រូវបានក្លឹបខាងលើផ្តល់ឲ្យពាក់អាវលេខ១៦។

គួរបញ្ជាក់ផងថា កីឡាករខ្សែបម្រើ Lee ត្រូវបានក្លឹប Valencia នាំចូលក្នុងឈុតយុវជនកាលឆ្នាំ២០១១ ហើយបច្ចុប្បន្នរូបគេបានបង្ហាញខ្លួនឲ្យឈុតធំបាន ៨ប្រកួត ក្នុងនោះលេងនៅ La Liga បាន ២ប្រកួត និង ៦ប្រកួតក្នុងក្របខណ្ឌ Copa Del Ray ដោយរកបាន ៨គ្រាប់ផងដែរកាលក្នុងឈុតយុវជន៕