(ភ្នំពេញ)៖ លោក Kan អ្នកចាត់ការទូទៅក្រុម SCG Muangthong United បានបញ្ជាក់ថា ក្រុមរបស់លោកនឹងបញ្ជូន កីឡាករលំដាប់កំពូលៗរបស់ក្លឹប ដើម្បីត្រៀមការប្រកួតជាមួយក្រុម K-Cement Cambodia All Stars នាថ្ងៃទី០៩ ខែកុម្ភៈខាងមុខ ហើយលោកបានចាត់ទុកជំនួបមិត្តភាពនេះ គឺជាការប្រកួតដ៏អស្ចារ្យទៀតផង។

អ្នកចាត់ការក្រុមយក្សរបស់ថៃនេះ បានថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា។ លោកថា នេះគឺជាលើកទី៣ ដែលក្រុម SCG Muangthong United បានមកធ្វើការប្រកួតមិត្ដភាពជាមួយក្រុមម្ចាស់ផ្ទះកម្ពុជាខាងលើ ហើយក៏ជាការទន្ទឹងរង់ចាំរបស់ពួកគេផងដែរ បន្ទាប់ពីក្រុមខ្លួនទទួលបានបទពិសោធន៍ល្អៗជាច្រើន អំឡុងពេលប្រកួតមិត្តភាព ២លើកមុន កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧។

បន្ថែមលើនេះលោកបានសង្កត់ធ្ងន់ថា «យើងសង្ឃឹមថា នឹងមានអ្នកគាំទ្រចូលរួមពេញពហុកីឡដ្ឋានជាតិជាថ្មី ដើម្បីទស្សនាការប្រកួតដ៏អស្ចារ្យនេះ...។ យើងនឹងបញ្ជូនកីឡាករល្អៗបំផុតរបស់ក្លឹប ដើម្បីចូលរួមការប្រកួតនេះ ពីព្រោះយើងដឹងច្បាស់ថា ការប្រកួតនេះមិនមែនងាយស្រួលនោះទេ ហើយនេះគឺជាការត្រៀមលក្ខណៈយ៉ាងល្អ សម្រាប់ការចាប់ផ្ដើមរដូវកាលថ្មីនៃលីគកំពូលថៃ ក៏ដូចជាលីគកំពូលកម្ពុជានាពេលឆាប់ៗខាងមុខ»

ដោយឡែកលោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុម Cambodia All Stars បានអះអាងថា លោកបានត្រៀមខ្លួនហើយជាស្រេចសម្រាប់ការប្រកួតដ៏សំខាន់ ប្រៀបបានការប្រកួតពានរង្វាន់អន្ដរជាតិមួយនេះ។ លោកថា ពីមុនពេលក្រុម Cambodia All Stars ប្រកួត គឺលោកអង្គុយទស្សនាក្នុងនាមអ្នកគាំត្រ តែពេលនេះលោកបានធ្វើជាគ្រូបង្វឹក ដូច្នេះលោកបានប្ដេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុត ដើម្បីស្វែងរកលទ្ធផលល្អជូនជាតិ និងអ្នកគាំទ្រកម្ពុជា។

ទន្ទឹមជាមួយគ្នាលោកលោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្ដែងនូវក្ដីរីករាយជាខ្លាំង ចំពោះការប្រកួតនេះ ព្រោះជាព្រឹត្ដិការណ៍សំខាន់សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា និងផ្ដល់នូវភាពសប្បាយរីករាយដល់អ្នកគាំទ្រ តាមរយៈជំនួបជាមួយក្រុមខ្លាំង Muangthong United ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់ការបើកលីគរដូវកាលថ្មី។ លោកសង្ឃឹមថា ការប្រកួតនេះ ក៏ការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕