(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរឿង «ទារុណកម្មខ្មោច» បានបញ្ចេញវីដេអូ Trailer របស់ខ្លួនហើយ កាលពីម្សិលមិញនេះ ដោយបានបង្កប់ដោយឈុតឆាករន្ធត់ញាប់ញ័រ ស្ទើរលោះព្រលឹង និងអាចវាយលុកចូលក្នុងអារម្មណ៍ អ្នកដែលចូលចិត្តទស្សនា រឿងបែបខ្មោចព្រាយបិសាច ជាពិសេសយុវវ័យ ឲ្យស្លុងក្នុងចិត្ត ដេកមិនលក់ទៀតផង។

ជាការពិត ថ្មីៗនេះផលិតកម្ម មាតុចក្រហ្វីលម៍ ​រួមសហការជាមួយផលិតកម្មសិល្បៈភាពយន្តខ្មែរ បានបញ្ចេញ Trailer ដែលមានចំណងជើងថា «ទារុណកម្មខ្មោច» បញ្ចេញមិនបានប៉ុន្មានម៉ោងផង ធ្វើឲ្យយុវវ័យដែលចូលចិត្តមើលរឿងខ្មោច នាំគ្នាចែករំលែកតៗគ្នាយ៉ាងច្រើន ហើយ​លាន់មាត់គ្រប់ៗគ្នាថា សាហាវមិនចាញ់បរទេសឡើយ។ កុនខ្មែរមួយនេះហើយនឹងត្រៀមចាំតែថ្ងៃបញ្ចាំងមកដល់​។

ទារុណកម្មខ្មោចជាស្នាដៃ ដែលដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង ​ដែលជាអ្នកដឹកនាំឆ្លងកាត់២ជំនាន់ នៃភាពយន្ត តាំងពីសម័យរោងភាពយន្តដែល នៅសេសសល់តាំងពី​ជំនាន់ដើមមកម៉្លេះ ហើយភាពយន្តដែលលោកធ្លាប់ទទួលបានជោគជ័យជំនាន់នោះ ដែលប្រជាជននៅតែនិយាយតៗគ្នា រហូតមកដល់បច្ចុប្បន្ននោះ គឺរឿង «ខ្មោចដើមចេកជ្វា» ហើយមកដល់ពេលរោងភាពយន្តទំនើបនេះវិញ លោក ហ៊ុយ យ៉ាឡេង ក៏បានទទួលបានការគាំទ្រកាន់តែខ្លាំងម្តងទៀត តាមរយៈរឿង «ធ្មប់» ដែលលោកទើបតែបញ្ចប់ ពីការដាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្មែរ នៅសហរដ្ឋអាមេរិក នាចុងឆ្នាំ២០១៨ នេះ។

ចូលមកដល់ឆ្នាំ២០១៩នេះ ខ្សែភាពយន្តដែលអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារ ព្រោះដឹងថា លោក ហ៊ុយ យ៉ាឡេង បានចូលរួមសម្តែង និងដឹកនាំផ្ទាល់ ហើយមានឈុតបង្អត់អាហារ ដើម្បីឲ្យស្គមស័ក្តិសមទៅនឹងឈុតអត់បាយ។ លើសពីនេះទៅទៀតលោកបានសម្តែង ក្នុងឈុតធ្វើទារុណកម្មស្តែងៗ ដូចសម័យខ្មែរក្រហមតែម្តង។

ទស្សនិកជនពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលស្នាដៃថ្មីមួយនេះបង្ហាញពីរឿងរ៉ាវ​កើតឡើង ក្នុងសម័យបច្ចុប្បន្នតែបង្កប់នូវស្លាកស្នាម ចាស់ពីសម័យខ្មែរក្រហម។

ចង់ដឹងថា វីដូអូឈុតខ្លីៗទាំងនេះបង្កប់ នូវរឿងរ៉ាវស្រៀវសាច់យ៉ាងណា សូមទស្សនាទាំងអស់គ្នា៖